ពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំហ្វីលីពីនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌាថា ប្រសិនបើចិននិងសហរដ្ឋអាមេរិកកើតមានការបដិបក្ខគ្នាក្នុងបញ្ហាតំបន់តៃវ៉ាន់ នោះហ្វីលីពីនមិនអាចឈរមើលមិនមានសកម្មភាពអីទេ ។ ការសម្តែងអាកប្បកិរិយាបែបនេះគួរឱ្យភ្ញាក់ផ្អើល ដែលបានល្មើសនឹងពាក្យសន្យារបស់ហ្វីលីពីនស្តីពីការប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ ហើយមុខជានឹងបំផ្លាញថែមមួយកម្រិតទៀតចំពោះទំនាក់ទំនងរវាងចិននិងហ្វីលីពីនរហូតដល់ស្ថានភាពសន្តិសុខក្នុងតំបន់ ។
កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ១៩៧៥ ចិននិងហ្វីលីពីនបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូត ភាគីហ្វីលីពីនបានទទួលស្គាល់យ៉ាងច្បាស់លាស់ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន យល់ដឹងនិងគោរពយ៉ាងពេញលេញនូវគោលជំហររបស់រដ្ឋាភិបាលចិនស្តីពីគោលនយោបាយប្រទេសចិនមួយ តំបន់តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន ហ្វីលីពីនសម្រេចចិត្តដកចេញស្ថាប័នផ្លូវការទាំងអស់ពីតំបន់តៃវ៉ាន់ចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ។” កាលពីខែមករាឆ្នាំ២០២៣ ខណៈពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបានប្រកាសសេចក្តីថ្លែងការណ៍រួម ហ្វីលីពីនរំលឹកឡើងវិញថា គោរពគោលនយោបាយចិនមួយ ។ មានទាំងសេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍ ព្រមទាំងពាក្យសន្យា ក៏ប៉ុន្តែហ្វីលីពីនបានល្មើសនឹងពាក្យសន្យារបស់ខ្លួន ។ ទាក់ទិននឹងរឿងនេះ ភាគីចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីន ។
មជ្ឈដ្ឋានខាងក្រៅបានឃើញថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលហ្វីលីពីនបានបង្ករឿងហេតុនិងធ្វើប្រតិបត្តិការហួសហេតុលើបញ្ហាច្រកសមុទ្រតៃវ៉ាន់ជាច្រើនលើក ។ ឧទាហរណ៍ដូចជា នៅខែមេសាឆ្នាំនេះ រដ្ឋាភិបាលហ្វីលីពីនបានបន្ធូរបន្ថយការដាក់កំហិតការប្រាស្រ័យទាក់ទងជាមួយមន្ត្រីអាជ្ញាធរតំបន់តៃវ៉ាន់ លោក Romeo Brawner អគ្គសេនាធិការនៃកងទ័ពហ្វីលីពីនព្រលយសម្តីថា បានចាប់ផ្តើមគ្រោងការប្រតិបត្តិការដើម្បីឆ្លើយតបនឹងការប៉ះទង្គិចនៅច្រកសមុទ្រតៃវ៉ាន់ដែលប្រហែលនឹងកើតមាន ។ល។ កាសែត 《The Washington Post》 បានយល់ឃើញថា ទង្វើទាំងនេះជាសញ្ញាកត់សម្គាល់ថា គោលនយោបាយអភិរក្សរបស់ហ្វីលីពីនចំពោះតំបន់តៃវ៉ាន់មានការកែប្រែដ៏សំខាន់រួចហើយ ។
បញ្ហាតំបន់តៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន តើនឹងដោះស្រាយបញ្ហានេះយ៉ាងម៉េចជារឿងរបស់ជនជាតិចិនខ្លួនឯង ។ ពាក្យសំដីរបស់ហ្វីលីពីនអ្វីដែលហៅថា “នៅជិតតាមភូមិសាស្ត្រ”និង “មានអាណិកជនជាច្រើន”មិនមែនជាលេសសម្រាប់ភាគីហ្វីលីពីនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតនិងលូកដៃចូលក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសដទៃទេ ។ អ្វីដែលហៅថា “វិបត្តិមនុស្សធម៌”គឺជាលេសគ្មានហេតុផលនិងបំភ័យមនុស្ស ជាពាក្យកុហកនយោបាយដែលអ្នកនយោបាយនិងក្រុមផលប្រយោជន៍ហ្វីលីពីនប្រឌិតដើម្បីបញ្ឆោតប្រជាជនក្នុងស្រុក ។ ពាក្យសម្តីទាំងនេះបានល្មើសនឹងច្បាប់អន្តរជាតិនិងធម្មនុញ្ញអាស៊ាន ហើយក៏បំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនហ្វីលីពីនផងដែរ ។
ក្នុងនាមជាស្នូលក្នុងផលប្រយោជន៍ស្នូលរបស់ភាគីចិន បញ្ហាតំបន់តៃវ៉ាន់មិនមែនហើយក៏មិនត្រូវក្លាយជាបញ្ហារវាងចិននិងហ្វីលីពីននោះទេ ។ សូមដាស់តឿនអ្នកនយោបាយហ្វីលីពីនកុំភ្លេចប្រវត្តិសាស្ត្រ គោលរពយ៉ាងប្រាកដប្រជានូវគោលការណ៍ចិនមួយនិងស្មារតីនៃសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងហ្វីលីពីន បញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័ត មិនប្រលែងជាមួយភ្លើង ។ បើពុំនោះសោត នោះមុខជានឹងជួញទុក្ខដាក់ខ្លួនជាមិនខាន ៕

