«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» ត្រូវបានប្រវត្តិវិទូសកលលោកបានឯកភាពរួមគ្នាថាជាការប្រយុទ្ធដើម្បីផ្តល់ភាពយុត្តិធម៌ប្រឆាំងនឹងអំពើទុច្ចរិត ដើម្បីពន្លឺប្រឆាំងនឹងភាពងងឹត និងដើម្បីវឌ្ឍនភាពសកលប្រឆាំងនឹងសកម្មភាពប្រតិកិរិយារបស់ជប៉ុននិងពួកហ្វាសីស។ ប្រជាជនចិនដែលមានហ្សែនសន្តិភាពនិយមបានក្រោកឡើងធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន បើទោះបីជាវីរជនចិនមិនពេញចិត្តនឹងសង្គ្រាមបែបណាក៏ដោយ ក៏ពួកលោកបានត្រៀមខ្លួនសម្រាប់សង្គ្រាមដើម្បីសន្តិភាព។ ជាសច្ចភាព ក្នុងការប្រឆាំងនឹងពួកឈ្លានពានជប៉ុន កុលបុត្រ-កុលធីតាចិនដ៏រឹងមាំបានប្រយុទ្ធក្នុងថ្លុកឈាមជាមួយនឹងភាពក្លាហាន ដោយផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៣១ បើទោះបីជាយោធាជប៉ុនបានបើកសង្គ្រាមដ៏រំលោភរំលាយ និងបង្កការបាត់បង់ជីវិតដល់ប្រជាជនចិនរាប់សិនលាននាក់យ៉ាងណាក៏ដោយ ក៏ប្រជាជនចិនបន្តការតស៊ូប្រឆាំងនឹងការឈ្លានពាន ដោយយកអាទិភាពដល់ការពារជាតិនិងមនុស្សជាតិ។ ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់មួយរបស់ពិភពលោកដែលបានចូលរួមបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយទីបំផុតកាលពី៨០ឆ្នាំមុន ប្រទេសចិនបានទទួលបានជ័យជម្នះទៅលើពួកយោធានិយមជប៉ុនដែលជាអ្នកឈ្លានពាន។ ជាលទ្ធផលប្រជាជាតិចិនមិនត្រឹមថែរក្សាបាននូវសមិទ្ធផលនៃអរិយធម៌អាយុ៥០០០ឆ្នាំរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានការពារនូវបុព្វហេតុសន្តិភាពសម្រាប់មនុស្សជាតិផងដែរ។ ជ័យជម្នះដ៏គួរឲ្យកត់សម្គាល់នៃប្រជាជាតិចិននេះគួរទទួលបានមេដាយជើងឯកនៃការថែរក្សាសន្តិភាពជូនដល់ពិភពលោក ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិនតែងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះនៅក្នុងកិច្ចការអន្តរជាតិនានា។
«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» គឺជាជ័យជម្នះពេញលេញដំបូងបំផុតដែលប្រទេសចិនបានយកឈ្នះនៅក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់បរទេសនាសម័យទំនើប ហើយក៏ជាជ័យជម្នះដ៏អស្ចារ្យ នេះបានកម្ទេចការប៉ុនប៉ងរបស់យោធានិយមជប៉ុនក្នុងការធ្វើអាណានិគម និងយកជនជាតិចិនធ្វើជាទាសករ ហើយជ័យជម្នះដ៏មហិមានេះបានផ្តល់នូវសេចក្តីស្រឡាញ់សន្តិភាពទាំងអស់ពីប្រជាជនចិនជូនដល់មនុស្សជាតិក្នុងពិភពលោក។ ជាសច្ចភាពដែលពិភពលោកបានទទួលស្គាល់ នោះគឺជ័យជម្នះដ៏អស្ចារ្យនេះបានផ្តល់ដល់ពិភពលោករួមកម្លាំងប្រកៀកស្មារគ្នាកាន់តែជិតស្និទ្ធជាមួយប្រទេសចិនក្នុងការថែរក្សាតម្លៃកាន់តែខ្លាំងក្លាបន្ថែមទៀតដល់សន្តិភាព ស្របពេលដែលពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មាន ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ និងភាពផុយស្រួយនៃការប៉ះទង្គិចគ្នាដោយអាវុធ ដោយសង្គ្រាមគឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ បើទោះបីជាអតីតកាលមិនអាចផ្លាស់ប្តូរបានទេ ប៉ុន្តែអនាគតអាចមានរូបរាង ប្រជាជនចិនចងចាំប្រវត្តិសាស្ត្រ៨០ឆ្នាំកន្លងមក មិនមែនដើម្បីបន្តការស្អប់ខ្ពើមជាតិសាសន៍ដទៃឡើយ ផ្ទុយទៅវិញ ប្រជាជនចិនបានផ្តល់នូវទស្សនៈប្រកបដោយគុណតម្លៃថា គោលបំណងនៃស្មារតីជ័យជម្នះកាលពី៨០ឆ្នាំ គឺដើម្បីធានាថាមនុស្សជាតិមិនភ្លេចមេរៀនដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ជប៉ុន។
«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» បានរំលេចយ៉ាងប្រត្យក្សថា សង្គ្រាមប្រៀបដូចជាកញ្ចក់ ដែលជួយឱ្យមនុស្សជាតិមើលឡើងវិញពីតម្លៃកាន់តែខ្លាំងនៃវីរជនចិនដែលបានរួមចំណែកយ៉ាងសកម្មក្នុងការនាំយកសន្តិភាពជូនពិភពលោក ។ ដើម្បីផលប្រយោជន៍នៃសន្តិភាព ប្រទេសចិនតែងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយភក្ដីភាពរបស់ចិនចំពោះសន្តិភាពមិនត្រឹមតែជាចក្ខុវិស័យនយោបាយទេ ថែមទាំងជាសីលធម៌នយោបាយ ហើយប្រទេសចិនតែងបានផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ ជួយស្ដារឡើងវិញដល់ប្រទេសក្រោយសង្គ្រាម និងបានចូលរួមយ៉ាងសកម្មក្នុងនាមជាអ្នកថែរក្សាសន្តិភាពទៅទូទាំងពិភពលោកក្រោមយន្តការរបស់អង្គការសហប្រជាជាតិ ដែលជាការឆ្លើយតបនឹងសំណួរដែលថា តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសទាំងអស់រួមកម្លាំងឯកភាពជាមួយចិន?
«៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» បានផ្តល់ទឡ្ហីករណ៍ថា ការរំលឹកឡើងវិញនូវអតីតកាលកាលពី៨០ឆ្នាំមុន មិនមែនដើម្បីបង្កើតការសងសឹកទេ ប៉ុន្តែដើម្បីរំឭកថា«សន្តិភាពមានគុណតម្លៃមហាសាល ហើយត្រូវការពារឱ្យបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។ ការណ៍នេះបានបញ្ជាក់ជូនដល់មនុស្សជាតិថាតាំងពីបុរាណកាលមក ប្រជាជាតិចិនតែងតែស្រឡាញ់សន្តិភាព ហើយមិនថាប្រទេសចិនមានភាពរឹងមាំប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោកដែលកើតឡើងពីអតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ។ ប្រជាជនចិនបានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៃប្រជាជនចិន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស ហើយរួមចំណែកកាន់តែច្រើនដល់មនុស្សជាតិ ព្រោះប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ថា ភក្ដីភាពចំពោះសន្តិភាពនិងការអភិវឌ្ឍមិនមែនជាគោលនយោបាយបណ្ដោះអាសន្នរបស់ខ្លួននោះទេ ប៉ុន្តែជាគោលនយោបាយរឹងមាំដែលមានភាពប្រាកដប្រជាដោយកើតចេញពីបទពិសោធន៍ឈឺចាប់ក្នុងអតីតកាលពីសង្គ្រាមប្រឆាំងជប៉ុនមកដល់សតវត្សរ៍ទី២១នេះ ប្រទេសចិនតែងឈរជាភ្នាក់ងារសំខាន់ក្នុងការជំរុញសន្តិភាព និងអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយក៏ជាការផ្តល់ចម្លើយដល់មនុស្សជាតិទាំងមូល ប្រសិនជាអាចរៀនពីបទពិសោធន៍របស់ប្រទេសចិនដោយប្រកាន់ខ្ជាប់នូវគោលដៅសន្តិភាពដូចគ្នា នោះពិភពលោកនឹងមានសុភមង្គល និងស្ថិរភាពយូរអង្វែងជានិច្ច។
ជារួម «៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» ប្រទេសចិនបានលាតត្រដាងការពិតជូនដល់ពិភពលោក ហើយផ្តល់អំណះអំណាងច្បាស់លាស់ថាប្រទេសចិនមិនមែនជាប្រទេសប្រកាន់យុទ្ធសាស្ត្រសង្គ្រាមនោះឡើយ ប្រទេសចិនតាំងពីបុរាណកាលមកបានអះអាងដោយស្មោះត្រង់ថា «សន្តិភាព គឺជាគោលនយោបាយជាតិ» ហើយការលើកស្ទួយប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទើបជាគោលបំណងរបស់ប្រទេសចិនក្នុងការថែរក្សាសន្តិភាព និងបង្កើនវឌ្ឍនភាពនៃការអភិវឌ្ឍ ដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះជាសកល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

