អគ្គីភ័យឆាបឆេះឃ្លាំងស្តុកប្រេងដ៏ធំមួយនៅទីក្រុង Sochi របស់ប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យ។

អភិបាលតំបន់ Krasnodar លោក Veniamin Kondratyev បាននិយាយថា ក្រោយការវាយប្រហារ ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ១២៧ នាក់ ត្រូវបានដាក់ពង្រាយ។
ការវាយប្រហារនេះដែរ ក៏ធ្វើឲ្យអាកាសយានដ្ឋាននៅក្បែរទីក្រុង Sochi បានផ្អាកជើងហោះហើររយៈពេលខ្លី ផងដែរ។
ទោះជាយ៉ាងណា ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីរុស្ស៊ី បានទម្លាក់គ្រាប់បែកលើស្ពានសំខាន់មួយនៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយសម្លាប់បុរសម្នាក់ និងនៅតំបន់ Mykolaiv ក្បែរនោះ បណ្ដាលឲ្យមនុស្ស ៧ នាក់រងរបួស ខណៈផ្ទះជាច្រើនត្រូវបានបំផ្លាញ ដែលជាការសងសឹក។
អ៊ុយក្រែន រាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧ នាក់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ Kherson និងភាគខាងកើតនៃតំបន់ Donetsk ៕

ដោយ៖ ពេជ្រ