ឯកឧត្តម លី ណាវុឌ្ឍ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតឆ្នាំទី១ ឆមាសទី២ នៃមហាវិទ្យាល័យ ទំនាក់ទំនង អន្តរជាតិ ទាំង២ទីតាំង (ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ) សរុបចំនួន ១០០នាក់ ធ្វើទស្សនកិច្ចសិក្សា នៅវិមានសន្តិភាពនៃទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រោមអធិបតីភាព ឯកឧត្តម ឃឹម រុស្សីដា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រងវិមានសន្តិភាព ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ អោក ខ្នា អគ្គនាយករងទទួលបន្ទុកវិមានសន្តិភាព។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្តល់ឱកាសជូននិស្សិតបានសិក្សាស្វែងយល់ បន្ថែមអំពីតួនាទីយ៉ាងសំខាន់របស់អគារវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី រួមមាន៖ ជាទីកន្លែងការិយាល័យនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រើសម្រាប់ការប្រតិបត្តិការរបស់រដ្ឋាភិបាល ការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ និងការទទួលស្វាគមន៍ភ្ញៀវជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនានាជុំវិញពិភពលោក ក៏ដូចជាធ្វើឱ្យនិស្សិតទទួលបាននូវចំណេះជំនាញថ្មីៗ សមត្ថភាពរួមជាមួយវិន័យ និងវិជ្ជាជីវៈ។
ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្រ្ដី៕










