ខេត្តស្វាយរៀង ៖ លោកជំទាវ គង់ បូទុម ភរិយាលោកឧត្តមសេនីយ៍ត្រី សាំង វុទ្ធី ស្នងការរងនគរបាលខេត្តស្វាយរៀងព្រមទាំងក្រុមគ្រួសារកាលរសៀលថ្ងៃទី២៨ ខែ កក្កដាឆ្នាំ២០២៥នេះបាននាំយកនូវគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាយកទៅប្រគេននិងប្រគល់ជូនដល់កន្លែងទីតាំងទទួលជំនួយសម្រាប់ឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខនិងជនភៀសសិកនៅតំបន់ជម្លោះព្រំដែនកម្ពុជាថៃចំនួន ៤ កន្លែងនៅក្រុងស្វាយរៀង។

លោកជំទាវ គង់ បូទុម បានឲ្យដឹងថា: ទីតាំងទាំង៤កន្លែងដែលត្រូវយកគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាយកមកប្រគេននិងប្រគល់ជូននាពេលនេះទី១នៅសាលាក្រុងស្វាយរៀងទី ២ សង្កាត់ស្វាយរៀងដែលមានទីតាំងនៅខាងកើតផ្សារវាលយន្ត ទី៣នៅផ្នែកសឹករងក្រុងស្វាយរៀងនិងទី ៤ នៅវត្តចំបក់បិទមាសស្ថិតក្នុងសង្កាត់ចេក។
លោកជំទាវបានមានប្រសាសន៍ឲ្យដឹងទៀតថា សម្រាប់គ្រឿងឧបភោគបរិភោគនិងថវិកាទាំងនេះវាតិចតួចស្ទូចស្ដើងក៏ពិតមែនក៏ប៉ុន្តែក៏ចង់បង្ហាញអំពីការគាំទ្រនិងជួយសម្រាលដល់ កងទ័ពជួរមុខហ្នឹងជនភៀសសិកនៅតំបន់ជម្លោះព្រំដែនបានមួយគ្រាផងដែរ។ ជាងនេះទៅទៀតក៏ចង់បង្ហាញអំពីទឹកចិត្តសន្ដានចិត្តអ្នកនៅខាងក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខខណៈពេលដែលប្រទេសជាតិកំពុងមានសង្គ្រាមជាមួយប្រទេសជិតខាងដែលមានបំណងឃ្លានពានមកលើដែនបូរណភាពទឹកដីនៃប្រទេសកម្ពុជា។

ចំពោះគ្រឿងឧបភោគបរិភោគទាំង៤កន្លែងដោយក្នុងមួយកន្លែងៗទទួលបានទឹកបរិសុទ្ធចំនួន ៣០ កេះមីចំនួន ៣០ កេសទឹកក្រូចចំនួន ១០កេស ទឹកដោះគោចំនួន១០ កេស អំបុកចំនួន ១៥គីឡូក្រាម ព្រមទាំងថវិកាមួយលានរៀលផងដែរ។
គួររម្លឹកផងដែរថាដោយយោងទៅតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តស្វាយរៀងកាលពី២៦ខែកក្កដាឆ្នាំ២០២៥នេះស្តីពីការចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅតំបន់ព្រំដែនកម្ពុជា-ថៃរដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់ឯកឧត្តមលោកជំទាវលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួម ជាមួយរដ្ឋបាលខេត្តជួយបរិច្ចាកឧបត្ថម្ភជា ថវិកាសម្ភារៈប្រើប្រាស់សម្ភារៈបរិក្ខាពេទ្យគ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗតាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិនិងឧបត្ថម្ភដល់ជន ភៀសសិកដែលកំពុងត្រូវការជំនួយជាចាំបាច់៕គឹមសេង


