ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា ឥឡូវនេះ លោក មិនទាន់ពិចារណាលើកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបាននូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។

លោក ត្រាំ ហាក់មិនខ្វល់ខ្វាយចំពោះផែនការក្នុងការលក់មីស៊ីល Tomahawk ទៅឱ្យប្រទេសណាតូ រួចផ្ទេរបន្តទៅឱ្យអ៊ុយក្រែនទេ ដោយនិយាយថា លោក មិនចង់ធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងនោះទេ។
លោក ត្រាំ ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តលើបញ្ហានេះ ស្របពេលដែលលោក ហ្សេលេនស្គី តែងតែទទូចចង់បានម្ដងហើយម្ដងទៀត។
លោក ត្រាំ និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានពិភាក្សាអំពីគំនិតបញ្ជូន Tomahawk អំឡុងពេលជួបគ្នានៅសេតវិមាន កាលពីថ្ងៃទី ២២ ខែតុលា។ លោក Rutte បាននិយាយ កាលពីថ្ងៃសុក្រថា បញ្ហានេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ហើយវាអាស្រ័យលើសហរដ្ឋអាមេរិកក្នុងការសម្រេចចិត្តផងដែរ។

មីស៊ីល Tomahawk បាញ់បានចម្ងាយ ២,៥០០ គីឡូម៉ែត្រ ដែលល្មមអាចវាយប្រហារជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ី រួមទាំងដល់ទីក្រុងមូស្គូផងដែរ។
លោកប្រធានាធិបតី ហ្សេលេនស្គី បានស្នើសុំមីស៊ីលទាំងនោះ ប៉ុន្តែវិមានក្រឹមឡាំង ព្រមានប្រឆាំងនឹងការផ្គត់ផ្គង់មីស៊ីល Tomahawk ណាមួយដល់អ៊ុយក្រែន៕

ដោយ៖ ពេជ្រ
