ខេត្តយូណាន ប្រទេសចិន ច្រកអាហារូបករណ៍ឧត្តមសិក្សាដ៏មានសក្តានុពលជូននិស្សិតកម្ពុជា

(ខេត្តយូណាន) ក្រោមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត បានក្លាយជាកម្លាំងកតាលីករដ៏មានសក្តានុពល និងជាចលករដ៏សំខាន់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ត្រាំង លី, ឯកឧត្តម សុខ សំអាង, ឯកឧត្តម ហេង សុទ្ធី, ឯកឧត្តម តាន់ គីមមេង, លោក ពេជ្រ ចិត្រា, លោក ឈឿន រស្មី, លោក ជ័យ វិទ្យារិទ្ធី, លោក អុន ស៊ីផាន់ និងសមាជិកដទៃទៀត សរុប ៣៥រូប មកពិភាក្សាពីលទ្ធភាពរបស់និស្សិតកម្ពុជាក្នុងការទទួលបានឱកាសអាហារូបករណ៍មកសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តយូណាន ប្រទេសចិន។

ឯកឧត្តម ឡាវ វ៉ាន់ បានថ្លែងថា ខេត្តយូណានជាគោលដៅទី១ និងចម្បងរបស់ក្រុមការងារ ហើយជាច្រកដ៏សំខាន់សម្រាប់ការទទួលបាននូវអាហារូករណ៍កាន់តែច្រើនជូនដល់និស្សិតកម្ពុជាតាមរយៈសមាគមអ.ម.ត។ បេសកកម្មនេះបាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍមូលធនមនុស្ស។ ឯកឧត្តមក៏បានរំលេចពីភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអាហារូបករណ៍ ក៍ដូចជាសមាគម អ.ម.ត និងបណ្តាសាកលវិទ្យាល័យនានាដែលជាដៃគូសហការក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីមន្ទីរអប់រំខេត្តយូណាន។ ជាលទ្ធផល ទាំងក្នុងក្របខណ្ឌនៃជំនួបផ្លូវការ ទាំងក្នុងក្របខណ្ឌនៃការពិភាក្សាជាមួយក្រុមការងារ សមភាគីចិនដែលមានមន្ទីរអប់រំខេត្តយូណាន និងបណ្តាសាកលវិទ្យាល័យនានា សុទ្ធតែបានយល់ស្របគ្នាថា ក្រុមការងារបានអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមឆន្ទៈដែលមាន ឯកឧត្តម ឡាវ វ៉ាន់ ជាប្រធានប្រតិភូ លើការស្រូបទាញយកអាហារូបករណ៍ទៅចូលរួមបំប៉នកម្លាំងមូលធនមនុស្សនៅកម្ពុជា។

នៅក្នុងកិច្ចជំនួបដោយផ្ទាល់ជាមួយមន្ទីរអប់រំខេត្តយូណាន និងសាកលវិទ្យាល័យទាំង៤រួមមាន៖ ១-សាកលវិទ្យាល័យYunan University of Finance and Economic, ២-សាកលវិទ្យាល័យKunming University of Science and Technology, ៣-សាកលវិទ្យាល័យKunming Medical University និង៤-សាកលវិទ្យាល័យYunnan Normal University ក្រុមការងារគណៈប្រតិភូសុទ្ធតែបានរួមគ្នាលើកកម្ពស់ការពង្រឹងកិច្ចសហការ និងពង្រីកច្រកកាន់តែធំក្នុងការទទួលបានអាហារូបករណ៍កាន់តែច្រើនមកសមាគមអ.ម.ត ដើម្បីផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាមកបន្តការសិក្សានៅខេត្តយូណាន។ ក្នុងន័យនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានបង្កើតបរិយាកាសជំនួបពិភាក្សាការងារដោយផ្ទាល់ និងទទួលទានអាហារសាមគ្គីរួមគ្នាជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណានឱ្យបន្តជាស្ពាន ជាទូតដ៏សកម្មលើការជួយពន្លាតឱកាសកាន់តែច្រើនដល់សិស្ស-និស្សិតកម្ពុជាដែលបាននិងកំពុងត្រៀមខ្លួនរួចជាស្រេចមកក្រេបយកពុទ្ធិកម្រិតឧត្តមសិក្សានៅខេត្តយូណាន។

គួរបញ្ជាក់ផងដែរ បន្ថែមពីលើគោលដៅទី១នៅខេត្តយូណាននេះ គណៈប្រតិភូនឹងបន្តដំណើរបេសកកម្មស្របតាមគោលបំណងរបស់ខ្លួនទៅកាន់ខេត្ត-ក្រុងចំនួន ៦ ផ្សេងៗទៀត (Xiamen, Wuhan, Changsa, Beijing, Hefei, Guizhou) របស់ប្រទេសចិន ដោយគណៈប្រតិភូបានចេញដំណើរពីប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រោងបញ្ចប់បេសកកម្មនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment