នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បាននិយាយថា ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងប្រែក្លាយទៅជា “ថ្ងៃដ៏ងងឹត” សម្រាប់ប្លុកសហភាពអឺរ៉ុប។

លោក បានសរសេរនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងរវាងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Von der Leyen ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump គឺជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់ប្លុកនេះ។
ទន្ទឹមនោះ មេដឹកនាំនៃក្រុមតំណាងរាស្រ្តរបស់គណបក្ស National Rally បារាំង លោកស្រី Marine Le Pen ក៏បានរិះគន់កិច្ចព្រមព្រៀងនេះ ដោយហៅវាថាជា “ការបរាជ័យទាំងស្រុងសម្រាប់អឺរ៉ុប”។
គួរបញ្ជាក់ថា អាមេរិក និងសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ បន្ទាប់ពីជំនួបរវាង លោក Trump ជាមួយលោកស្រី von der Leyen ភាគីទាំង ២ បានព្រមព្រៀងគ្នាថា ទំនិញអឺរ៉ុបទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិកនឹងគិតពន្ធ ១៥ ភាគរយ ខណៈដែលសហភាពអឺរ៉ុប នឹងមិនដាក់ពន្ធលើទំនិញអាមេរិកវិញទេ៕


ដោយ៖ ពេជ្រ