ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកវេទិការួមគ្នា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួម សំដៅជំរុញទីផ្សារធានារ៉ាប់រងនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា ការគ្រប់គ្រងវិស័យនីមួយៗ តែងតែមានបញ្ហាប្រឈមលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយនិយ័តករធានារ៉ាប់រង តែងតែងព្យាយាមដោះស្រាយ និងផ្តល់នូវការឆ្លើយតបចំពោះសំណើរទាំងឡាយពីវិស័យឯកជន។ ក្នុងន័យនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំឱ្យមានវេទិកានេះឡើង ក្នុងគោលបំណងបើកឱកាសឱ្យមានការជជែកគ្នាស្វែងរកដំណោះស្រាយលើបញ្ហានានា ដែលវិស័យឯកជនជួបប្រទះ ឱ្យបានទាន់ពេលវេលា ដើម្បីធានាបានថា វិស័យធានារ៉ាប់រង ត្រូវបានអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក ប៊ូ ច័ន្ទភីរូ បញ្ជាក់បន្ថែមថា វេទិកានេះ ជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលត្រូវបានរៀបចំឡើងជា ប្រចាំឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងគោលដៅធានា ប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពនិងបរិយាបន្ន ។

វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង បានឯកភាពគ្នាលើបញ្ហាសំខាន់ៗចំនួន ៤ គឺ ១. ពង្រឹងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងការលក់ផលិតផលធានារ៉ាប់រង និងការ ប្រើប្រាស់សេវាគណនាបុព្វលាភធានារ៉ាប់រង ក៏ដូចជាការធានាកម្រិតសាធនភាព របស់ក្រុមហ៊ុនធានារ៉ាប់រង។ ២. សិក្សារៀបចំក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មការវិនិយោគមូលនិធិធានា- រ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ទាំងក្នុងនិងក្រៅប្រទេស។ ៣. សិក្សារៀបចំក្របខណ្ឌរបបលើកទឹកចិត្តពន្ធដារសម្រាប់វិស័យធានារ៉ាប់រង។ និង៤. ពង្រឹងគុណភាពវិជ្ជាជីវៈធានារ៉ាប់រង និងសម្រួលដល់នីតិវិធីនៃការចុះបញ្ជីភ្នាក់ងារ ធានារ៉ាប់រងជារូបវន្តបុគ្គលដោយអនុញ្ញាតឱ្យប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជំនួស សៀវភៅស្នាក់នៅ ។
សូមបញ្ជាក់ថា បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់បើទោះបីជួបប្រទះនូវវិបត្តិនានាលើពិភពលោកក្តី ដោយរក្សាបាននូវកំណើនជាវិជ្ជមាន ក្នុងនោះ កាលពីឆ្នាំ២០២៤ មានកំណើនជាង ៤ភាគរយ ខណៈនៅឆមាសទី១ ឆ្នាំ២០២៥នេះ មានកំណើនប្រមាណ ៥ភាគរយផងដែរ។

លោកអគ្គនាយក បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ក្រុមហ៊ុន និងមានអតិថិជនជាង ១លាន ២សែននាក់។ ទោះយ៉ាងណា លោកអគ្គនាយក បានលើកឡើងថា ចាប់តាំងពីក្រោយជំងឺកូវីដ១៩ មក មិនទាន់មានក្រុមហ៊ុន មិនទាន់មានក្រុមហ៊ុនធានារ៉ាបរងថ្មី ចូលមកក្នុងទីផ្សារកម្ពុជានោះទេ តែលោកសង្ឃឹមថា នឹងអាចមាននៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ៕



