ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយក្នុងបទសម្ភាសន៍មួយថា ទីក្រុងតេហេរ៉ង់ មិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែនឹងបន្តពង្រឹងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ។

លោក Pezeshkian បានលើកឡើងថា យើងច្រានចោលទាំងស្រុងនូវគំនិតនៃការផលិតអាវុធនុយក្លេអ៊ែរ។ នេះគឺជាទិដ្ឋភាពនយោបាយ សាសនា មនុស្សធម៌ និងយុទ្ធសាស្ត្ររបស់យើង។
លោក បានបន្ថែមថា អ៊ីរ៉ង់ នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិនាពេលអនាគត តែនឹងមិនយកទៅផលិតអាវុធនុយក្លេអ៊ែរទេ។
ការអត្ថាធិប្បាយរបស់លោកខាងលើ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាអ៊ីរ៉ង់ មិនត្រូវបន្តផលិតអាវុធនុយក្លេអ៊ែរទៀតនោះទេ ។

ទោះជាយ៉ាងណា លោក Pezeshkian បន្តថា ការបន្តកម្មវិធីនុយក្លេអ៊ែរ គឺស្ថិតលើគំនិតរបស់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់នោះទេ មិនសំអាងលើវត្ថុធាតុដើមទេ។
លោក ក៏បានសង្កត់ធ្ងន់ថា រាល់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចាំបាច់ត្រូវគិតគូរពីផលប្រយោជន៍របស់ភាគីទាំងអស់ ហើយការគំរាមកំហែងណាមួយប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ។
គួរបញ្ជាក់ថា ដោយសារតែបញ្ហាកម្មវិធីនុយក្លេអ៊ែរ ទើបនាំឲ្យអាមេរិក វាយប្រហារអ៊ីរ៉ង់កាលពីប៉ុន្មានសប្ដាហ៍មុន ដើម្បីជាការព្រមានឲ្យបញ្ឈប់៕

ដោយ៖ ពេជ្រ