ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន នៅសេតវិមានថា ទីក្រុងវ៉ាដ៊ីនតោន នឹងយកពន្ធ ១៩ ភាគរយ លើការនាំចូលរបស់ក្រុងម៉ានីល។

លោក Trump ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារថា ពន្ធថ្មីគឺជាផ្នែកមួយនៃកតិកាសញ្ញាដ៏ទូលំទូលាយមួយ ដែលហ្វីលីពីន នឹងដកពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំង ២ នឹងសហការគ្នាផ្នែកយោធា។
ទន្ទឹមនោះ លោក ត្រាំ អះអាងថា ក្នុងជំនួបនេះ ក៏មានការបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំង ២ ដែរ ប៉ុន្តែមិនលម្អិតថាយ៉ាងណានោះទេ។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងដែលមិនត្រូវបានបញ្ជាក់ភ្លាមៗនេះ ត្រូវបានគេជឿថា អាចនឹងធ្វើឱ្យប្រទេសនេះហ្វីលីពីន ប្រឈមនឹងការយកពន្ធខ្ពស់ជាងអ្វីដែលប្រកាស។
លោក ត្រាំ ធ្លាប់បាននិយាយថា គោលដៅលោក ជាមួយនឹងការដំឡើងពន្ធគឺដើម្បីជំរុញឱ្យប្រទេសនានាទម្លាក់គោលនយោបាយដែលលោក យល់ថាមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក។ ផែនការរបស់លោក គឺកំណត់ការចរចារពាណិជ្ជកម្មជាមួយប្រទេសជុំវិញពិភពលោក៕

ដោយ៖ ពេជ្រ