កូរ៉េ​ខាង​ជើង ​ព្រមាននឹងតបត ទោះអាមេរិក គំរាម​កំហែង​ផ្នែក​សន្តិសុខប៉ុនចុងក្រចកក៏ដោយ

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាង នឹងមិនអត់ឱន ចំពោះការគំរាមកំហែងផ្នែកសន្តិសុខពីសហរដ្ឋអាមេរិកទេ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិក នៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ ទីក្រុង​ព្យុងយ៉ាង​ បាន​ចាត់ទុកថាជា​ទង្វើ​ញុះញង់។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងដដែល បានលើកឡើងថា ការលេចឡើងម្តងហើយម្តងទៀតនៃយន្តហោះ B-1B គូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងផ្កាយរណបរបស់ខ្លួន ស្វែងរកការបង្កើតបរិយាកាសប្រឈមមុខដាក់គ្នា និងអរិភាពនៅលើឧបទ្វីបកូរ៉េ នៅពេលដែលសកម្មភាពរបស់ពួកគេបង្កើនភាពតានតឹងផ្នែកយោធា ។

ជាមួយគ្នានោះ មន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិកូរ៉េខាងជើង ព្រមានយ៉ាងម៉ឺងម៉ាត់ថា ការវាយលុករបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសកម្មភាពយោធា ដែលបង្កើតការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរដល់រដ្ឋរបស់យើង នឹងនាំឱ្យមានផលវិបាកអវិជ្ជមានចំពោះសន្តិសុខសហរដ្ឋអាមេរិកដោយជៀសមិនរួច។

លោក បានបន្ថែមថា កូរ៉េខាងជើង នឹងប្រើប្រាស់មធ្យោបាយទប់ស្កាត់ដ៏អស្ចារ្យ ហើយនឹងបន្តរំលឹកសហរដ្ឋអាមេរិកថា ការដាក់ពង្រាយមធ្យោបាយយុទ្ធសាស្ត្រដោយគ្មានការជូនដំណឹងជាមុន គឺជាការរំលោភបំពានកម្លាំងដែលមិនប្រុងប្រយ័ត្ន និងមិនចាំបាច់។

សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នឹងមិនអនុញ្ញាតឱ្យកងកម្លាំងអរិភាព ធ្វើឱ្យមានការគំរាមកំហែងសម្បីតែបន្តិចចំពោះអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ដោយបង្ក្រាបនូវចេតនាដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលស្វែងរកការបន្តនូវកត្តាអាក្រក់នៃអស្ថិរភាពនៅក្នុងលក្ខខណ្ឌនៃសន្តិសុខក្នុងតំបន់៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment