អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាម លោក Yahya Saree បាននិយាយថា ក្រុមហ៊ូធី ធ្វើការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv ដោយប្រើកាំជ្រួចផ្លោងលឿនជាងសំឡេង។

លោក Saree បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះ ធ្វើប្រតិបត្តិការយោធាពិសេសមួយ ដោយវាយប្រហារលើអាកាសយានដ្ឋាន Lod (Ben Gurion Airport) ដោយមីស៊ីលផ្លោងលឿនជាងសំឡេងប្រភេទ Palestine-2 ។
យោងតាមអ្នកនាំពាក្យរបស់ក្រុមឧទ្ទាម បញ្ជាក់ថា ប្រតិបត្តិការនេះ បានសម្រេចគោលដៅដោយជោគជ័យ។ ជាលទ្ធផលនៃការវាយប្រហារ លោក Saree អះអាងថា ភ្លាមៗអាកាសយានដ្ឋាន បានផ្អាកប្រតិបត្តិការ ហើយប្រជាជនអ៊ីស្រាអែលរាប់លាននាក់ ដែលនៅក្បែរនោះ ត្រូវបង្ខំឱ្យជម្លៀសទៅរកទីតាំងសុវត្ថិភាព។
កាលពីល្ងាចថ្ងៃសុក្រ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញមកអះអាងពីការវាយប្រហារដោយមីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ប៉ុន្តែត្រូវបានស្ទាក់ចាប់។
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ូធី និងអ៊ីស្រាអែល បានវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីជម្លោះនៅហ្គាហ្សា ផ្ទុះឡើងមក ខណៈបញ្ហានេះកាន់តែបន្ថែមសម្ពាធនៅតំបន់មជ្ឈិមបូព៌ា ៕

ដោយ៖ ពេជ្រ