អ្នកកាសែត AFP បានរាយការណ៍ថា ប្រជាជនស៊ីរីបានសម្រុកទៅកាន់ទីលានសំខាន់នៃរដ្ឋធានី Damascus កាលពីថ្ងៃចន្ទ អបអរថ្ងៃនៃជ័យជម្នះលើរបបអា សាដ ខណពួកគេក៏បានកត់សម្គាល់នូវអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាថ្ងៃរះថ្មីដែលរង់ចាំជាយូរមកហើយបន្ទាប់ពីការដួលរលំនៃប្រធានាធិបតី Bashar al-Assad ។
ការវាយប្រហារផ្លេកបន្ទោរដែលដឹកនាំដោយក្រុមប្រឆាំងរបបដឹកនាំបានទម្លាក់លោក Assad ចេញពីអំណាចកាលពីថ្ងៃអាទិត្យ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រស៊ីរី បន្ទាប់ពីការគ្រប់គ្រងរយៈពេលប្រាំទសវត្សរ៍ដោយត្រកូលលោក អា សាដ។ អ្នកកាសែត AFP ដែលនៅឯទីលាន Umayyad នៃទីក្រុង Damascus បានឃើញក្រុមយុទ្ធជនត្រូវបានដាក់ពង្រាយ ខណៈដែលអ្នកស្រុករីករាយបានប្រមូលផ្តុំគ្នាទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានបម្រាមគោចរពេលយប់ដែលក្រុមឧទ្ទាមដាក់ចេញនៅក្នុងទីក្រុង។
លោក Rim Ramadan អាយុ ៤៩ ឆ្នាំជាមន្ត្រីរាជការនៅក្រសួងហិរញ្ញវត្ថុបានប្រាប់ AFP ពីទីលានកណ្តាលនៃរដ្ឋធានីថា វាមិនអាចពិពណ៌នាបាន យើងមិនដែលគិតថាសុបិន្តអាក្រក់នេះនឹងបញ្ចប់នោះទេ ពួកយើងបានកើតជាថ្មីទៀតហើយ ។
លោក រ៉ាម៉ា ដាន បាននិយាយថា យើងភ័យខ្លាចអស់រយៈពេល ៥៥ ឆ្នាំនៃការនិយាយ សូម្បីតែនៅផ្ទះ យើងធ្លាប់និយាយថាជញ្ជាំងមានត្រចៀក។ លោកបន្តថា “យើងមានអារម្មណ៍ថាយើងកំពុងតែរស់នៅក្នុងសុបិន”។
ការបញ្ចប់ការគ្រប់គ្រងរបស់លោក Assad ធ្វើឡើងបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំដែលបង្កឡើងដោយការបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ សង្រ្គាមបានសម្លាប់មនុស្សជាង ៥០០.០០០ នាក់ និងបង្ខំឱ្យពាក់កណ្តាលនៃប្រជាជនមុនសង្គ្រាម ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ភាគច្រើននៃពួកគេនៅក្រៅប្រទេស។
លោក Assad បានទទួលមរតកពីឪពុករបស់គាត់គឺ Hafez al-Assad ហើយជាការកាន់អំណាចជាប្រព័ន្ធ ខណដែលនរណាម្នាក់ដែលសង្ស័យថាមានការប្រឆាំងអាចនឹងត្រូវជាប់គុក ឬសម្លាប់។
លោក Abdelmonem Naqli អាយុ ៤០ ឆ្នាំបាននិយាយថា ខ្ញុំបានចេញមកថ្ងៃនេះហើយខ្ញុំអរគុណព្រះ … គ្មានអ្វីគួរឱ្យភ័យខ្លាចដូចពេលមុនទេ។ លោកបានបន្ថែមថា “យើងគ្រាន់តែសង្ឃឹមថាសេដ្ឋកិច្ចនឹងមានដំណើរការឡើងវិញ ហើយអ្វីៗនឹងដំណើរការទៅវិញទៅមកបានល្អជាងមុនច្រើន។
យ៉ាងណាក៏ដោយ សង្កាត់មួយចំនួនត្រូវបានបោះបង់ចោល ហើយហាងលក់ទំនិញជាច្រើននៅតែបិទដដែល បើទោះបីជាបម្រាមគោចរត្រូវបានលុបចោលក៏ដោយ។ ស្ថាប័នសាធារណៈ ក៏ដូចជាសាលារៀនត្រូវបានបិទ ខណអ្នកប្រយុទ្ធក៏បានដាក់ពង្រាយនៅជិតធនាគារកណ្តាលផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៏របស់ភ្នាក់ងារAFP។
លោក Aamer al-Debass អាយុ ៦១ ឆ្នាំបាននិយាយថា “សូមអរគុណព្រះជាម្ចាស់ ពួកយើងត្រូវបានដោះលែងវិញហើយ” ។ លោកបានបន្ថែមថា “ឥឡូវនេះយើងកំពុងរង់ចាំឲ្យអ្វីៗប្រសើរឡើងបន្តិចម្តងៗ”។
លោក Assad ការកាន់អំណាចគឺពឹងផ្អែកលើសម្ព័ន្ធភាពរបស់គាត់ជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ទោះបីជាត្រូវប្រឈមនឹងការតវ៉ាដ៏ធំ និងការបះបោរប្រដាប់អាវុធក៏ដោយ។ ប៉ុន្តែនៅថ្ងៃទី ២៧ ខែវិច្ឆិកា ក្រុមចម្រុះនៃក្រុមឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham បានបើកការវាយលុកដែលហែកហួរពេញប្រទេស ដោយដណ្តើមបានការគ្រប់គ្រងពីទីក្រុងនីមួយៗ រហូតដល់ពួកគេទៅដល់ទីក្រុង Damascus កាលពីថ្ងៃអាទិត្យ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃ ការក្តាប់របស់កងទ័ព និងកងកម្លាំងសន្តិសុខបានដួលរលំ ហើយពួកឧទ្ទាមបានផ្លាស់ទីចូលទៅក្នុងទីក្រុងសំខាន់ៗនៃអាឡិបប៉ូ ហាម៉ា និងហូម មុនពេលចូលដល់រដ្ឋធានី ដែលនាំមកនូវការបញ្ចប់ការគ្រប់គ្រងជាច្រើនទសវត្សរ៍របស់គណបក្ស Baath ៕
ដោយ៖ ពេជ្រ