វិមានក្រឹមឡាំងបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមដោយផ្ទាល់នូវសិទ្ធិជ្រកកោនដល់លោក Bashar Assad អតីតប្រធានាធិបតីស៊ីរី ដោយរស់នៅទីក្រុងមូស្គូតែម្តង។ ការលាតត្រដាងពីព័ត៌មាននេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា អតីតប្រធានាធិបតីស៊ីរី និងក្រុមគ្រួសាររបស់លោកបានមកដល់ប្រទេសរុស្ស៊ីបន្ទាប់ពីការដួលរលំនៃរបបក្រុងដាម៉ាស ហើយធ្លាក់ទៅក្រុមឧទ្ទាមអាល់កៃដា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានថា មិនមានកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងរវាងលោកពូទីន និងលោក Assad នោះទេ។ លោកបានបន្ថែមថា មិនមានអ្វីត្រូវនិយាយអំពីកន្លែងលាក់ខ្លួនរបស់លោក Assad នោះទេ។ នៅពេលសួរថា តើលោក Assad បានទទួលសិទ្ធិជ្រកកោននយោបាយដោយរបៀបណានោះ លោក Peskov បាននិយាយថា ការសម្រេចចិត្តបែបនេះមិនអាចធ្វើឡើងដោយគ្មានប្រមុខរដ្ឋនោះទេ ប៉ុន្តែវាជាការសម្រេចចិត្តរបស់លោក ពូ ទីន។
លោក Mikhail Ulyanov អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Assad និងក្រុមគ្រួសាររបស់លោកស្ថិតនៅក្នុងទីក្រុងមូស្គូ ដោយនិយាយថា នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនដែលជួយគ្នាក្នុងគ្រាលំបាក។ លោក Ulyanov បាននិយាយថា រុស្ស៊ីមិនក្បត់មិត្តរបស់ខ្លួនក្នុងស្ថានភាពលំបាក មិនដូចអាមេរិកនោះទេ។
កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា លោក អាសាដ និងក្រុមគ្រួសាររបស់លោកត្រូវបានផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសរុស្ស៊ី ដោយហេតុផលមនុស្សធម៌។ យោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា លោក Assad បានយល់ព្រមចុះចេញពីតំណែងបន្ទាប់ពីការចរចាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ ហើយបានណែនាំមន្ត្រីឱ្យធានា ការផ្ទេរអំណាចដោយសន្តិភាព។
ក្រុមជីហាដ Hayat Tahrir-al-Sham (HTS) រួមជាមួយនឹងបក្សពួកប្រឆាំងរដ្ឋាភិបាលផ្សេងទៀត បានដណ្តើមកាន់កាប់ទីក្រុង Damascus កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការរុលទៅមុខយ៉ាងលឿននៅក្នុងតំបន់ជាច្រើននៃប្រទេសស៊ីរី៕
ដោយ៖ ពេជ្រ