នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនបានយល់ព្រមថាជំនួយកន្លងមករបស់សហរដ្ឋអាមេរិកដែលបានផ្តល់ដល់ទីក្រុង Kyiv នឹងមិនជាផ្នែកមួយនៃកិច្ចព្រមព្រៀងរ៉ែដែលខ្លួនមានបំណងចុះហត្ថលេខាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។

លោក Shmyhal បានថ្លែងបែបនេះនៅក្នុងសារ Telegram មួយដោយលោកបានបញ្ជាក់ថា “កិច្ចព្រមព្រៀងរ៉ែដែលនឹងត្រូវឈានដល់ការចុះហត្ថលេខានោះ យើងមិនបានរាប់បញ្ចូលជំនួយដែលអាមេរិផ្តល់ឲ្យអ៊ុយក្រែនកន្លងមកនោះទេ។
លោក Shmyhal ដែលបានទៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនដើម្បីចូលរួមកិច្ចប្រជុំនិទាឃរដូវនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បាននិយាយថា មានវឌ្ឍនភាពល្អលើកិច្ចព្រមព្រៀងរ៉ែនេះ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក Scott Bessent ។
លោកថា អ្វីដែលសំខាន់បំផុតនៃកិច្ចព្រមព្រៀង គឺយើងបានកំណត់យ៉ាងច្បាស់នូវបន្ទាត់ក្រហមរបស់យើង កិច្ចព្រមព្រៀងត្រូវតែគោរពតាមកាតព្វកិច្ចអឺរ៉ុប និងមិនផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់អ៊ុយក្រែននោះទ្បើយ ហើយក្រុមមេធាវីកំពុងធ្វើការលើឯកសារនោះ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងរ៉ែនោះ អាចនឹងសម្រេចបាន។
ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈមួយកាលពីថ្ងៃទី១៨ ខែមេសា ជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍ធនធានរ៉ែក្នុងប្រទេសអ៊ុយក្រែន ដែលជាកិច្ចព្រមព្រៀងមួយដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតីអាមេរិក Donald Trump ដែលបានបង្ហាញឱ្យឃើញនូវភាពមិនច្បាស់លាស់។
ទោះបីជាអ្នកទាំងពីរបានត្រៀមខ្លួនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការលើធនធានធម្មជាតិនៅក្នុងខែកុម្ភៈកន្លងទៅក៏ដោយ ប៉ុន្តែវាត្រូវបានពន្យារពេលបន្ទាប់ពីលោកTrump និងលោក Zelensky ផ្ទុះកំហឹងដាក់គ្នានៅក្នុងការិយាល័យ Oval ក្នុងជំនួបពិភាក្សាមួយដែលនិយាយអំពីកិច្ចព្រមព្រៀងធនធានរ៉ែកម្ររបស់អ៊ុយក្រែន៕

ដោយ៖ ពេជ្រ