នៅថ្ងៃទី ១៥ ខែកក្កដា រដ្ឋាភិបាលចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចចិនប្រចាំឆមាសទីមួយនៃឆ្នាំ ២០២៥ ។ ទិន្នន័យបានបង្ហាញថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិមានស្ថិរភាពជាទូទៅនិងឆ្ពោះទៅរកនិន្នាការល្អប្រសើរ ។ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួនលើសពី ៦៦ ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ព្រមពេលជាមួយគ្នានេះ មជ្ឈដ្ឋានមតិអន្តរជាតិបាននាំគ្នាវាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ចិន ដោយប្រើពាក្យពេចន៍ដូចជា”កំណើនលើសពីការរំពឹងទុក” “ទំហំនាំចេញនាំចូលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត”ជាដើម ។
ប្រព័ន្ធសារព័ត៌មានបរទេសដូចជាទីភ្នាកងារសារព័ត៌មានរ៉យទ័រជាដើមបានលើកឡើងថា ក្រោមបរិបទដែលកំណើនសេដ្ឋកិច្ចពិភពលោកបានបង្អង់ល្បឿននិងសង្គ្រាមពាណិជ្ជកម្មបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិជាដើម សេដ្ឋកិច្ចរបស់ចិនក្នុងឆមាសទីមួយនៃឆ្នាំនេះអាចទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់បែបនេះ គឺបានមកដោយមិនងាយទេ ។ ពេលថ្មីៗនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនដែលបានបង្ហាញពីជំនឿចិត្តរបស់បណ្តាភាគីនានាចំពោះសេដ្ឋកិច្ចចិន ។
ក្រៅពីទិន្នន័យអំពីកំណើនសេដ្ឋកិច្ច ឱកាសការងារ តម្លៃទំនិញនិងសមតុល្យនៃការទូទាត់អន្តរជាតិក៏ជាសូចនាករដ៏សំខាន់សម្រាប់សង្កេតមើលស្ថានភាពដំណើរការនៃសេដ្ឋកិច្ចផងដែរ ។ ចាប់ពីចូលឆ្នាំនេះមក អត្រាបាត់បង់ការងាររបស់ប្រទេសចិនមានស្ថិរភាពជាមូលដ្ឋាន ថ្លៃទំនិញស្ថិតក្នុងចន្លោះតម្លៃទាបសមរម្យ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់ប្រជាជនចិនសម្រេចបាននូវការប្រែពីកំណើនអវិជ្ជមានទៅជាកំណើនវិជ្ជមានក្នុងខែមិថុនាដែលបានកើនឡើង០,១ ភាគរយ ដោយឡែកសមតុល្យនៃការទូទាត់អន្តរជាតិមានតុល្យភាពជាមូលដ្ឋាន រូបិយប័ណ្ណបម្រុងរបស់ចិនមានចំនួនលើសពី ៣,២ ទ្រីលានដុល្លារអាមេរិក ។ល។ ប្រការទាំងនេះបានបញ្ជាក់ថា ទិសដៅការងារជាទូទៅនៃ”ការឆ្ពោះទៅរកស្ថិរភាព”របស់សេដ្ឋកិច្ចចិនគ្មានការកែប្រែទេដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវគោលដៅពេញមួយឆ្នាំ ។
ទន្ទឹមនឹងនេះ កម្លាំងចលករថ្មីបានកើនឡើងជាបន្តបន្ទាប់ ហើយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិនបានពន្លឿនការអភិវឌ្ឍ ។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៩,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយសមិទ្ធផលនៃការច្នៃប្រឌិតថ្មីជាច្រើននិងការរួមបញ្ចូលគ្នាខាងឧស្សាហកម្មបានជំរុញការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធ ។
អ្វីដែលកាន់តែកម្រមាននោះគឺ ប្រឈមមុខនឹងសម្ពាធពីខាងក្រៅដូចជាសង្គ្រាមពន្ធគយជាដើម ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន ២១,៧៩ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលនៅតែបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រដដែល ដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ។ អ្វីដែលគួរឱ្យលើកឡើងនោះគឺ សហគ្រាសទុនបរទេសនៅចិនបានក្លាយជាអ្នកចូលរួមដ៏សំខាន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ទំហំនាំចូលនាំចេញរបស់សហគ្រាសទុនបរទេសនៅចិនបានកើនឡើង ២,៤ ភាគរយដែលសម្រេចបាននូវកំណើនក្នុងរយៈពេល៥ត្រីមាសជាប់ៗគ្នា ។
ប្រទេសចិនដែលបើកទូលាយកំពុងបង្កើតឱកាសថ្មី ។ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដានេះ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី ៣ នឹងប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។ សហគ្រាសនិងស្ថាប័នចិននិងបរទេសសរុបចំនួន ៦៥០ នឹងចូលរួមពិព័រណ៍នេះ ក្នុងចំណោមនោះ សហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មមានចំនួនលើសពី ៦៥ ភាគរយ ហើយអត្រាចូលរួមពិព័រណ៍លើកនេះនៃសហគ្រាសបរទេសឡើងដល់៣៥ ភាគរយ ។ល។ ទិន្នន័យដ៏គួរឱ្យកត់សម្គាល់មួយចំនួនអាចធ្វើឱ្យពិភពលោកជឿជាក់ថា នាពេលអនាគត ទីនេះនៅតែជា”ប្រភពស្ថិរភាព”សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិងជា”ទីផ្សារប្រកបដោយភាពទាក់ទាញ”សម្រាប់ចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ដដែល ៕

