នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩:១០នាទីព្រឹក ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះលី ណន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ទ។
ក្រោយពីទទួលពាក្យបណ្តឹងផ្នែកជំនាញបានសហរការជាមួយប៉ុស្តិ៍រដ្ឋបាលស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១.ឈ្មោះហុក សំពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ។ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។ ២.ឈ្មោះធឿន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ។ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មនជ័យ ៣.ឈ្មោះស៊ុន បុនឡា ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២០:១០នាទីយប់នៅចំណុចក្នុងបន្ទប់ក្បែរស្តូបដម្កល់សពយុទ្ធជន ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យជនសង្ស័យឈ្មោះហុក សំពេជ្រ បានជិះម៉ូតូទៅរកខ្ចីប្រាក់ពីជនរងគ្រោះឈ្មោះលី ណន ភេទស្រី នៅផ្ទះម្តុំសពយុទ្ធជន ដែលស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ពេលជនសង្ស័យជិះទៅដល់ផ្ទះជនរងគ្រោះស្រាប់តែឃើញផ្ទះមិនបានចាក់សោរ និងគ្មានមនុស្សនៅ(ជនរងគ្រោះភ្លេចចាក់សោរបង សោផ្ទះ និងភ្លេចចាក់សោបន្ទប់)
បន្ទាប់មកជនសង្ស័យក៏បានដើរចូលទៅក្នុងផ្ទះឃើញទូរដែកមួយនៅក្បែរគ្រែ ភ្លាមនោះជនសង្ស័យបានតេហៅឈ្មោះស៊ុន បុនឡា ហៅជ័យ អោយមកយកទូដែកហើយប្រាប់ថាទូនេះមានទម្ងន់ធ្ងន់ណាស់ និងអោយរកគ្នាមួយនាក់ទៀតមក បានមួយសន្ទុះ ស៊ុន បុនឡា បានជិះម៉ូតូជាមួយឈ្មោះធឿន វណ្ណៈ ដោយយករទេះមកជាមួយ បន្ទាប់មកឈ្មោះស៊ុន បុនឡា បានដើរចូលក្នុងផ្ទះអូសទូរដែកចេញមកក្រៅ ហើយជនសង្ស័យទាំងបីនាក់បានលើកទូរដែកដាក់នៅលើរទេះដោយយកថង់ខៀវយកមកគ្របកុំអោយគេឃើញ។ បន្ទាប់មកជនសង្ស័យទាំងបីបានដឹកទូរដែកនោះយកទុកនៅឃ្លាំងមួយកន្លែងនៅជិតអាងទឹក៤៨ ក្បែរផ្ទះហុក សំពេជ្រ និងបានគាស់បំបែកក្នុងទូដែកនោះមានលុយដុល្លារ និងគ្រឿងអលង្ការមួយចំនួន។
បន្ទាប់គាស់ទូរដែកហើយ ជនសង្ស័យទាំងបីបានយកទូរដែកនោះទៅបោះចោលនៅក្រោមស្ពានអូរស្រីស្រណោះ ហើយជនសង្ស័យហុក សំ ពេជ្រ បានអោយលុយទៅធឿន វណ្ណៈ និងស៊ុន បុនឡា ក្នុង១នាក់ចំនួន៨០០$ ចំណែកលុយនៅសល់ និងគ្រឿងអលង្ការហុក សំពេជ្រ ជាអ្នកយក។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា វត្ថុតាងដែលដកហូតពីក្រុមចោរខាងលើមកវិញបានរួមមាន÷
-ម៉ូតូម៉ាកហុងដា ស្លាកលេខភ្នំពេញ1GN-4152 ពណ៌ខ្មៅ
-ម៉ូតូម៉ាកWave ស្លាកលេខ 1C-1096
-រទេះចំនួន១
-ទូដែកចំនួន១
-ដែកគាស់ចំនួន១
-ញញួរចំនួន១
-លុយដុល្លារក្រដាស់១០០$ចំនួន៦០សន្លឹក
-លោហ:ធាតុពណ៌លឿងខ្សែក២ខ្សែ
-ខ្សែដៃលោហ:ធាតុពណ៌លឿង២ខ្សែ
-ចិញ្ចៀន២វង់
-បន្តោងចំនួន៥
-ទូរស័ព្ទចំនួន៣គ្រឿង។
ករណីខាងលើនេះកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការតាមនីតិវិធី ៕






