ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានហៅទូរស័ព្ទសន្ទនាគ្នា កាលពីថ្ងៃសុក្រ បន្ទាប់ពីអាមេរិក ប្រកាសផ្អាកការផ្គត់ផ្គង់អាវុធមួយចំនួនទៅអ៊ុយក្រែន ។

ការហៅទូរស័ព្ទនេះ លោក ត្រាំ បានបង្ហាញពីឆន្ទៈក្នុងការជួយបន្តគាំទ្រវិស័យការពារអាកាសរបស់អ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់ប្រព័ន្ធ Patriot ។
ការហៅទូរស័ព្ទរវាង លោក ត្រាំ និងលោក ហ្សេលេនស្គី មានរយៈពេលប្រហែល ៤០ នាទី ដោយផ្តោតសំខាន់លើតម្រូវការការពារដែនអាកាសរបស់អ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា លោកត្រាំ និងលោក ហ្សេលេនស្គី ព្រមព្រៀងគ្នាថានឹងមានកិច្ចប្រជុំរវាងតំណាងអាមេរិក និងអ៊ុយក្រែន នាពេលឆាប់ៗ ។
កាលពីថ្ងៃទី ២ ខែកក្កដា សហរដ្ឋអាមេរិក បានប្រកាសនឹងបញ្ឈប់ការបញ្ជូនប្រព័ន្ធមីស៊ីលស្ទាក់ចាប់ការពារដែនអាកាស Patriot, គ្រាប់បែកណែនាំដោយភាពជាក់លាក់ GMLRS, កាំជ្រួចដឹកនាំ Hellfire, ប្រព័ន្ធមីស៊ីលចល័ត Stinger និងអាវុធមួយចំនួនទៀតទៅកាន់អ៊ុយក្រែន ដោយលើកហេតុផលថាតម្រូវការផ្ទាល់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ ទោះសហរដ្ឋអាមេរិក ខ្លួនឯងកំពុងត្រូវការអាវុធទាំងនោះដូចគ្នាក៏ដោយ។
គួរបញ្ជាក់ថា ការប្រកាសផ្អាកនេះ ធ្វើឲ្យលោក ហ្សេលេនស្គី មានការបារម្ភថារុស្ស៊ី នឹងបង្កើនការវាយលុក ដោយលើកឡើងថា ក្រៅពីអាមេរិក គ្មានអ្នកណាអាចផ្គត់ផ្គង់អ៊ុយក្រែន គ្រប់យ៉ាងបានទេ៕

ដោយ៖ ពេជ្រ