លោក Conor Nestor គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា រំពឹងកម្ពុជា នឹងអាចដល់ចំណុចល្អប្រសើរមួយក្នុងពូល ប្រសិនបើកូនក្រុមបន្ដធ្វើបានល្អ ដូចតង់ទី២ នៃការប្រកួតជាមួយក្រុមខ្លាំងហុងកុង សម្រាប់ការប្រកួតសេសសល់ នៃវគ្គជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Asian Cup 2026។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយក្រុមជម្រើសជាតិនារីកម្ពុជា បានវាយបកស្មើក្រុមហុងកុង ១-១ ក្នុងជំនួបបើកឆាកពូលG នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់់ទ្វីបអាស៊ីខាងលើ កាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Conor បានលើកឡើងថា «សម្រាប់ខ្ញុំ ក្រោយកញ្ចែបញ្ចប់ការប្រកួតដ៏មានបទពិសោធន៍ដូចជាហុងកុង ខ្ញុំពិតជាសប្បាយចិត្តជាមួយលទ្ធផល ហើយប្រសិនបើក្រុមបន្ដនៅលេងបានល្អដូចតង់ទី២ (លេងជាមួយហុងកុង) សម្រាប់ការប្រកួតសេសសល់ គឺយើងនឹងទៅដល់ចំណុចមួយល្អក្នុងពូល»៕
