បាតុករថៃ ព្រមានពង្រីកបាតុកម្មកាន់តែធំ បើនាយករដ្ឋមន្ត្រី មិនព្រមចុះចេញពីតំណែង

លោក Pichit Chaimongkol អ្នកដឹកនាំក្រុមបង្រួបបង្រួមអំណាចនៃទឹកដីដើម្បីការពារអធិបតេយ្យភាពថៃ បានបដិសេធការចោទប្រកាន់របស់អ្នកនយោបាយគណបក្សភឿថៃថា បាតុកម្មដែលបង្កឡើងដោយក្រុមនេះគឺជាការអំពាវនាវឱ្យមានរដ្ឋប្រហារយោធា។

លោក​ Pichit បាន​ទទូច​ថា ក្រុម​នេះ​មិន​ដែល​ទាមទារ​ ឬគាំទ្រ​រដ្ឋប្រហារ​ឡើយ ដោយ​បញ្ជាក់​ថា ការ​ទាមទារ​តែ​មួយ​គត់​របស់​ពួកគេ​គឺ​ដើម្បី​ឲ្យ​លោកស្រីនាយក​រដ្ឋមន្ត្រី Paetongtarn Shinawatra ចុះ​ចេញ​ពី​តំណែង និង​ឲ្យ​គណបក្ស​ចម្រុះ​ដក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។

លោក បានបន្ថែមថា វា​ជា​ការ​អំពាវនាវ​យ៉ាង​ពិត​ប្រាកដ​ ដើម្បីការ​ការពារ​អធិបតេយ្យភាព​ជាតិ។ លោក បានអំពាវនាវដល់សមាជិកសភាគណបក្សភឿថៃ ដែលចោទប្រកាន់ចលនានេះថា ជំរុញឱ្យមានរដ្ឋប្រហារ បំភ្លឺការអះអាង ដោយព្រមានថា ការចោទប្រកាន់បែបនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការតវ៉ា។

លោក បន្ថែមថា បាតុកម្មនឹងកាន់តែខ្លាំងឡើង ដើម្បីចាប់ផ្តើមយុទ្ធនាការជាផ្លូវការក្នុងការទម្លាក់រដ្ឋាភិបាល នៅថ្ងៃទី ១ ខែកក្កដា ដោយ​បន្ត​ថា ការតវ៉ា​នឹង​ត្រូវ​ពង្រីក ហើយរំកិល ​ទៅ​ជិត​វិមាន​រដ្ឋាភិបាល។

ទន្ទឹមនោះ លោក​ បាន​ឲ្យដឹងថា នឹងមានការដាក់ញត្តិ​ជា​ផ្លូវ​ការ​ទៅ​កាន់​គណបក្ស​ចម្រុះ​រដ្ឋាភិបាល ដោយ​អំពាវនាវឲ្យគណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស Chartthaipattana ដក​ខ្លួន​ចេញ​ពី​ក្រុម​ចម្រុះ។

គួរបញ្ជាក់ថា ផ្ទុះបាតុកម្មតវ៉ា ក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn ចុះចេញពីតំណែង ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment