​បទវិភាគ៖តភ្ជាប់ជាមួយពិភពលោក រួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរ

“ទីផ្សារចិនមិនត្រឹមតែពោរពេញទៅដោយកាលានុវត្តភាពប៉ុណ្ណោះទេ ថែមទាំងក៏អាចជឿទុកចិត្តបាននិងប្រកាន់ខ្ជាប់ការធ្វើតាមពាក្យសន្យាផងដែរ ។ ដូច្នេះខ្ញុំយល់ឃើញថា អនាគតគឺស្ថិតនៅប្រទេសចិន ។” ក្នុងកិច្ចប្រជុំកំពូលក្រុង Qingdao របស់ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិលើកទី៦ដែលទើបបញ្ចប់ លោក Gianni Di Giovanni ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនEni របស់អ៊ីតាលីប្រចាំចិនបានបញ្ចេញមតិយោបល់របស់ខ្លួន ។ ក្នុងកិច្ចប្រជុំលើកនេះ មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនទុនបរទេសជាច្រើនរូបបានពិពណ៌នាប្រទេសចិនដោយប្រើពាក្យដូចជា “ទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់” “ធំបំផុតលើទូទាំងពិភពលោក” និង“គួរឱ្យរំភើបចិត្ត”ជាដើម ដែលសម្គាល់ឃើញថា ទីផ្សារចិនមាន “ឧត្តមភាពដែលមិនអាចប្រៀបផ្ទឹមបាន” ។

ក្នុងនាមជាសកម្មភាពផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្នាក់ជាតិទីមួយរបស់ចិនដែលបង្កើតឡើងសម្រាប់ក្រុមហ៊ុនពហុជាតិ កិច្ចប្រជុំកំពូលលើកនេះបានទាក់ទាញភ្ញៀវកិត្តិយសចំនួន៥៧០រូបនៃក្រុមហ៊ុនពហុជាតិចំនួន៤៦៥ដែលមកពីទ្វីបទាំង៦លើទូទាំងពិភពលោក ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ កិច្ចប្រជុំកំពូលលើកនេះបានចុះហត្ថលេខាលើគម្រោងដ៏សំខាន់ចំនួន៤០ ដែលមានតម្លៃសរុបឡើងដល់៥ពាន់៩៣០លានដុល្លារអាមេរិក ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ កិច្ចប្រជុំកំពូលលើកនេះបានបើកធ្វើក្រោមប្រធានបទ “ក្រុមហ៊ុនពហុជាតិនិងចិន-តភ្ជាប់ជាមួយពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការដោយឈ្នះ-ឈ្នះ”ដែលបានបង្ហាញពីឋានៈយុទ្ធសាស្ត្ររបស់ចិនក្នុងរចនាសម្ព័ន្ធទូទាំងពិភពលោកនៃក្រុមហ៊ុនពហុជាតិ ។ កាលពីមុន សហគ្រាសទុនបរទេសបានរួមបញ្ចូលក្នុងសេដ្ឋកិច្ចចិនយ៉ាងស៊ីជម្រៅ ដែលបានជំរុញការតភ្ជាប់គ្នារវាងចិននិងពិភពលោក ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេបានសម្គាល់ឃើញថា ស្ថិតនៅប្រទេសចិន វាអាចតភ្ជាប់ជាមួយពិភពលោកឱ្យបានកាន់តែល្អ ។

ពីខែមករាដល់ខែឧសភាឆ្នាំនេះ ក្នុងចំណោមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន ការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃមុខរបរសេវាកម្មធុរកិច្ចអេឡិចត្រូនិក មុខរបរផលិតយានអវកាសនិងគ្រឿងបរិក្ខារអវកាស មុខរបរផលិតថ្នាំគីមីនិងមុខរបរផលិតគ្រឿងបរិក្ខារនិងឧបករណ៍វេជ្ជសាស្ត្របានកើនឡើង១៤៦ភាគរយ ៧៤,៩ភាគរយ ៥៩,២ភាគរយនិង២០ភាគរយដោយឡែកពីគ្នា ។

បច្ចុប្បន្ននេះ ឆ្លងតាមរយៈវិធានការផ្តល់ភាពងាយស្រួលដល់ការវិនិយោគនិងសេវាកម្មចំគោលដៅមួយចំនួន ចិនកំពុងបង្កើតលំហកាន់តែទូលំទូលាយសម្រាប់សហគ្រាសទុនបរទេស ។ លោកស្រី Yang Lan អគ្គនាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈនៅប្រទេសចិននៃក្រុមហ៊ុន HERBALIFE ដែលជាម៉ាកយីហោនៃផលិតផលថែទាំសុខភាពដ៏ល្បីឈ្មះរបស់អាមេរិកបានយល់ឃើញថា បរិយាកាសធ្វើអាជីវកម្មរបស់ចិនបន្តមានភាពប្រសើរឡើង ដែលបានបង្កើនជំនឿចិត្តរបស់យើងក្នុងការអភិវឌ្ឍជានិរន្តរភាពនៅប្រទេសចិនហើយក៏ធ្វើឱ្យយើងកាន់តែមានទីបង្អែកក្នុងការក្តាប់ជាប់កាលានុវត្តភាពក្នុងការប្រកួតប្រជែងផងដែរ ។

ក្នុងបរិបទនាពេលបច្ចុប្បន្នដែលឯកតោភាគីនិយមនិងគាំពារនិយមបានកើនឡើង ការបង្កើតរចនាសម្ព័ន្ធទាំងនេះបានបង្ហាញពីជម្រើសប្រកបដោយវិចារណញ្ញាណនិងសំណូមពរដ៏ខ្លាំងក្លានៃទុនបរទេស ។ ដូចប្រសាសន៍របស់លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅចិនដែលបានលើកឡើងថា យើងចង់មានការផ្លាស់ប្តូរ ចង់ធ្វើពាណិជ្ជកម្មនិងធ្វើកិច្ចសហប្រតិបត្តិការ ។ ក្នុងដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ទុនបរទេសបានបញ្ជាក់តាមរយៈការអនុវត្តជាក់ស្តែងថា ការតភ្ជាប់ជាមួយប្រទេសចិនទើបអាចតភ្ជាប់ជាមួយពិភពលោកឱ្យបានកាន់តែល្អ ហើយការវិនិយោគនៅចិនគឺជាការវិនិយោគនៅពេលអនាគត ៕

Written by 

Related posts

Leave a Comment