នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងមានឆន្ទះមោះមុតឈរជើងការពារដែនអធិបតេយ្យភាពកម្ពុជាប្រកបដោយភក្តីភាព និងអង់អាចក្លាហាពីសត្រូវឈ្លានពាន។

លោកជំទាវបណ្ឌិតសភាចារ្យបានស្នើសុំអង្គពិធីទាំងមូលស្មឹងស្មាធ ៣០ វិនាទី ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងទាមទារយកប្រាសាទព្រះវិហារមកវិញ ព្រមទាំងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនស្នេហាជាតិដែលបានពលិកម្ម ជាពិសេសលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅក្នុងខេត្តព្រះវិហារនាពេលថ្មីៗនេះ។
លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កិច្ចការការពារជាតិនិងបូរណភាពទឹកដីនាពេលនេះមិនត្រឹមតែដើម្បីការពារនូវតឹកតាងប្រវត្តិសាស្ត្រនាពេលអតីតកាលដែលមានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីសាមគ្គីរួបរួមជាតិ ជាកម្លាំងយ៉ាងរឹងមាំនាពេលបច្ចុប្បន្នដើម្បីធានានូវអនាគតដ៏រុងរឿងរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយជាដរាបតទៅ៕







