ណានជីង៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលទស្សនកិច្ចនៅទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា បានចាប់អារម្មណ៍ពីសៀវភៅចំនួន២ក្បាល (១-វចនានុក្រមចំណេះដឹងវប្បធម៌ចិន និង២-អរិយធម៌១០០០០ឆ្នាំគជ់របស់ចិន)
ដែលនឹងផ្តល់ធាតុចូលកាន់តែប្រសើរដល់ប្រជាជនកម្ពុជាយល់ដឹងពីអរិយធម៌របស់ប្រទេសចិន។
ក្នុងពេលក្រុមការងារឧទ្ទេសនាមពីឯកសារអរិយធម៌ចិនទាំងពីរក្បាលនេះ លោក Zhang Chaoyang អគ្គនាយកទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ បានផ្តល់នូវសំណេីជូនដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការពិចារណាបកប្រែជាខេមរភាសា ដេីម្បីជាមូលដ្ឋានកាន់តែស៊ីជម្រៅពីអរិយធម៌ចិន ហេីយទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ នឹងរួមចំណែកយ៉ាងសកម្មជាមួយសមាគមក្នុងការលេីកកម្ពស់អំណាននៅកម្ពុជា។ លោកអគ្គនាយកក៏បានបញ្ជាក់ថា បច្ចុប្បន្នសៀវភៅ«វចនានុក្រមចំណេះដឹងវប្បធម៌ចិន»ត្រូវបានបកប្រែជាភាសាអង់គ្លេស បារាំង ប៉ូឡូញ ម៉ុងហ្គោលី និងអារ៉ាប់។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានគាំទ្រនឹងគំនិតផ្តួចផ្តេីមនេះ ដោយលោកបានបញ្ជាក់ថា ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្លេីងទំនាក់ទនងមិត្តភាពដែកថែប និងជាកល្យាណមិត្តក្នុងកិច្ចកសាងសហគមន៍ជោគវាសនាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ថែមទៀតផង។ តាមរយ:ទម្រដ៏រឹងមាំនេះ ការបកប្រែឯកសារវប្បធម៌ចិនមកជាខេមរភាសាកាន់តែពង្រីកពន្លឺរស្មីនៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន និងពន្លាតភាពរឹងមាំកាន់តែខ្លាំងនៃមិត្តភាពដែកថែបបន្តទៅកាន់យុវវ័យនិងកុមារតជំនាន់។
គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេល២ទសវត្សរ៍មកនេះ លោកបណ្ឌិតបានបោះផ្សាយ និងបានដឹកនាំការបកប្រែជាខេមរភាសានូវសៀវភៅជាច្រេីនរបស់ប្រទេសចិនដូចជា ទស្សនវិជា្ជចិន អរិយធម៌ចិន ប្រាជ្ញាចិន គតិបណ្ឌិតបស់លោក Xi Jinping ហេីយលោកបណ្ឌិតក៏ជាវាគ្មិនប្រកបដោយការយល់ដឹងយ៉ាងទូលំទូលាយពីចិនសាស្ត្រ។ បន្ថែមពីលើនេះ លោកបណ្ឌិតក៏ជាអ្នកសម្របសម្រួលការអនុវត្តគម្រោងជាច្រើនក្នុងប្រទេសកម្ពុជានៃបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនថែមទៀតផង៕





