អាជីវករលក់ដូរតាមរទេះចល័តតាមដងស្ទឹងសៀមរាប ចំនួន ១៥០នាក់ និងអ្នកបើករ៉ឺម៉កដឹកភ្ញៀវចំនួន ១៥០នាក់ ទទួលបានវិញ្ញាបនបត្រពីកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីស្តីពីសុវត្ថិភាពចំណីអាហារអនាម័យនិងវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិ ដែលរៀបចំដោយមូលនិធិអភិវឌ្ឍជំនាញ (SDF) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបនិងសហការគាំទ្រពីរដ្ឋបាលខេត្ត សាលាបណ្តុះបណ្តាល BKD Academy មន្ទីរទេសចរណ៍ សុខាភិបាល និងមន្ទីរអង្គភាពពាក់ពន្ធ័នានាមួយចំនួនទៀត។

ពិធីប្រគល់ទទួលវិញ្ញាបនបត្រធ្វើឡើងនៅសាលាខេត្តសៀមរាបនារសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និង ឧកញ៉ា លួនអាន ចំណេះប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា ពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់បងប្អូន អាជីវករលក់ដូរតាមរទេះចល័ត និងប្អូនអ្នក បើក រ៉ឺម៉កកង់បី និយាយជារួមគឺបងប្អូនប្រកបរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឱ្យបានយល់ពីបដិសណ្ឋារកិច្ច គុណភាពស្តង់ដារ អនាម័យប្រកបដោយសុវត្ថិភាព ឈានទៅប្រកួតប្រជែងប្រកបដោយសុចរិក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទទួលសេវាកម្មនៅ ខេត្តសៀមរាប។លោកអភិបាលរងខេត្ត បានជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋក្នុងខេត្តដែល មិនទាន់ចុះឈ្មោះក្នុង«ថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»សូមចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ព្រោះថាការចុះឈ្មោះនេះជាគោលការណ៍ ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់ និងមិនត្រឹមតែដើម្បីឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។លោក ង៉ូវ សេងកា់ ក៏បានលើកទឹកចិត្តដល់អ្នកបើកបរម៉ូតូរ៉ឺម៉ក ក៏គួរនាំគ្នាចងក្រងបង្កើតជាសមាគម ដើម្បីងាយស្រួលគ្រប់គ្រងនិងជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជាយថាហេតុក្នុងអាជីវកម្មរបស់ខ្លួនជាដើម។

សូមជំរាបថា៖បងប្អូនអាជីវករលក់ដូរចល័តតាមមាត់ស្ទឹងសៀមរាប ចំនួន ១៥០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកសុវត្ថិភាពចំណីអហារនិងអនាម័យរៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់៣០ ខែឧសភា នៅសណ្ឋាគារ ឡែនឌីង ហ្គោល ដើម្បីយល់ដឹងអំពីអនាម័យ ចំណីអាហារ អ្នកផលិត អ្នលក់និងអ្នកទិញ ដើម្បីធានាបាននូវគុណភាពស្តង់ដា អនាម័យប្រកបដោយ សុវត្ថិភាព ចំពោះម្ហូបអាហារ ឈានទៅប្រកួតប្រជែង ប្រកបដោយសុចរិក សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាបនិងបងប្អូនអ្នកបើករ៉ឺម៉កដឹកភ្ញៀវ ចំនួន ១៥០នាក់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប ឱ្យយល់ពីបដិសណ្ឋារកិច្ចទេសចរណ៍ជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលបានទទួលសេវាកម្មផ្ទាល់ពីអ្នកបើកម៉ូតូកង់បី៕




