ណានជីង៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថ្លែងទៅកាន់លោក Xu Kunling អភិបាលខេត្តជាំងស៊ូ លោក Yang Wanming ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងអង្គពិធីទាំងមូលដែលជាសមាគមមិត្តភាពរបស់បណ្តាប្រទេសនីមួយៗជាមួយប្រទេសចិន សរុបចំនួន២៣ប្រទេសដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបើកវេទិកាអបអរសាទរខួប៧០ឆ្នាំថ្ងៃបង្កើតសមាគមប្រជាជនខេត្តជាំងស៊ូដើម្បីមិត្តភាពជាមួយបរទេស ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគម បានថ្លែងថា បើទោះបីជាពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំមកនេះ ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកលយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងនិងការពឹងផ្អែកគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជានិងប្រទេសចិនកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងទាំងពីរបានបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំលើការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ដោយរំលឹកឡើងវិញពីប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិតបានមានប្រសាសន៍ថា បើរាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក កាំង ថៃ និងលោក ជូ យីង នៅសតវត្សរ៍ទី៣ នោះយើងនឹងឃើញកាន់តែច្បាស់ពីប្រពៃណីក្នុងដំណើរដ៏យូរអង្វែងនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយមកដល់សម័យឌីជីថលនេះ ស្មារតីរួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និង បងប្អូនល្អ» មកបញ្ជាក់ពីភាពរឹងមាំខ្លាំងក្លាមិនអាចបំបែកបាននៃចំណងមិត្តភាពអមតៈរវាងកម្ពុជា-ចិន។ ពីដំណើរបេសកកម្មការទូតរបស់លោក ជីវ តាក្វាន់ នាសម័យអង្គរ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជានិងចិន បានយល់ស្របគ្នាថា សន្តិភាពគឺជាទម្រយ៉ាងរឹងមាំដែលប្រទេសយើងទាំងពីរបានប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធក្នុងការថែរក្សា ដែលជាគន្លឺះដល់ការអភិវឌ្ឍ។ ក្នុងចរន្តនៃការអភិវឌ្ឍ កម្ពុជាគឺជាប្រទេសទី១ដែលបានចូលរួមនៅក្នុង«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលជាគំរូភាពនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសយើងទាំងពីរក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រសិនជាយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តកាលពី៧០ឆ្នាំមុនក្នុងសន្និសីទបានឌុង នោះយើងនឹងមិនមានភាពស្ទាក់ស្ទើរលើការគូសបញ្ជាក់យ៉ាងប្រត្យក្សពីទំនាក់ទំនងរវាងកម្ពុជានិងចិន ដោយកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់សំណើរបស់ចិនដែលបានបន្លឺឡើងជុំវិញពិភពលោកពី«ស្មារតីបានឌុង»ក្នុងការស្វែងរកមូលដ្ឋានរួមខណៈពេលដែលរក្សាភាពខុសគ្នា និងបានប្រើប្រាស់គំនិតនៃ«ការអភិវឌ្ឍរួម» ដើម្បីបង្រួបបង្រួមភាពរឹងមាំនៃប្រទេសកំពុងអភិវឌ្ឍន៍។ មកដល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរនៅបន្តស្មារតីបានឌុងដោយលើកទឹកចិត្តដល់ការអនុវត្តគោលការណ៍«ពហុភាគីនិយមពិតប្រាកដ» ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងបន្តជាអ្នករួមចំណែកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ ប្រទេសយើងទាំងពីរបានឯកភាពទទួលយកទស្សនវិជ្ជាផ្អែកលើ«ភាពសុខដុមរមនា និងការរួមរស់ដោយសន្តិភាព»ក្នុងរង្វង់នៃអភិបាលកិច្ចសកល។
ដោយគូសរំលេចពីការអភិវឌ្ឍនៅកម្ពុជា រួមជាមួយដំណើរទស្សនកិច្ចរបស់លោកអភិបាលខេត្តជាំងស៊ូទៅកាន់ប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២៥កន្លងមក លោកបណ្ឌិតក៏បានរំលេចពីទំនាក់ទំនងល្អរវាងកម្ពុជាជាមួយខេត្តជាំងស៊ូ ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកំពង់ផែJiangyin ក្រុងWuxi ប្រទេសចិន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រកាសជាផ្លូវការឆ្នាំទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ហើយតាមរយៈវេទិកានេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាជនចិន និងបរទេសទាំងអស់អញ្ជើញមកទស្សនា និងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបន្តបង្កើនកិច្ចរួមចំណែកអភិវឌ្ឍកម្ពុជាក្រោមម្លប់សុខសន្តិភាព ហើយសមាគមមិត្តភាពកម្ពុជា-ចិនដែលមានអាយុ២៥ឆ្នាំមកនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសម្របសម្រួល និងជាស្ពានទំនាក់ទំនងដ៏ល្អរវាងប្រជាជនកម្ពុជានិងប្រជាជនចិននិយាយដោយឡែក រវាងប្រជាជនកម្ពុជានិងប្រជាជាតិបរទេសនានាទាំងអស់និយាយរួម៕





