លោក Pete Hegseth បានថ្លែងបញ្ជាក់ថា ការបញ្ចប់ជម្លោះដោយសន្តិវិធីសម្រាប់រុស្ស៊ី-អ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានលើកទ្បើងថា សេតវិមាននឹងកាត់បន្ថយថវិកាយោធាសម្រាប់អ៊ុយក្រែន ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។ ប្រធានមន្ទីរប៉ង់តាហ្គោនបានធ្វើសេចក្តីថ្លែងការណ៍នេះនៅចំពោះមុខគណៈកម្មាធិការរៀបចំសភាក្នុងសភាកាលពីថ្ងៃអង្គារម្សិលមិញ។

លោក Hegseth បានថ្លែងបែបនេះ នៅពេលត្រូវបានចោទសួរអំពីការផ្តល់មូលនិធិជំនួយយោធានាពេលខាងមុខសម្រាប់អ៊ុយក្រែន។លោកថា “ វាគឺជាការកាត់បន្ថយថវិកាយោធាសម្រាប់អ៊ុយក្រែនហើយក៏ជាការរក្សាថវិកានេះផងដែរ”។ លោកបន្ថែមថា រដ្ឋបាលនេះមានទស្សនៈខុសគ្នាខ្លាំងណាស់ទៅនឹងជម្លោះនោះ។
សូមជម្រាបថា លោក Trump បានធ្វើការឆ្ពោះទៅរកការចរចាបញ្ចប់ជម្លោះអ៊ុយក្រែន និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយរុស្ស៊ី។ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា ទីក្រុងមូស្គូ និងក្រុងគៀវបានចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២ នៅពេលដែលអ៊ុយក្រែនបានចាកចេញពីការចរចាលើកដំបូងនៅទីក្រុងអ៊ីស្តង់ប៊ុលដោយឯកតោភាគី។
លោក Hegseth ក៏បានថ្លែងដែរថា ការចរចាដោយសន្តិវិធីគឺស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ និងផលប្រយោជន៍របស់ប្រទេសជាតិរបស់យើង ជាពិសេសជាមួយនឹងផលប្រយោជន៍ប្រកួតប្រជែងទាំងអស់នៅជុំវិញពិភពលោក។ លោកបញ្ជាក់បន្ថែមថារដ្ឋបាល Trump ក៏បានលើកឡើងផងដែរ ពីចំណុចសំខាន់នៃ“America First” និងកាត់បន្ថយជំនួយបរទេសយ៉ាងខ្លាំង រួមទាំងជំនួយដល់អ៊ុយក្រែន ដោយសន្យាថានឹងបញ្ជូនមូលនិធិទាំងនោះឆ្ពោះទៅរកការដោះស្រាយបញ្ហាក្នុងស្រុកវិញ។

គួររំលឹកថា កាលពីសប្តាហ៍មុន អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បានបន្ទរការរិះគន់របស់លោក Trump លើអ្នកកាន់តំណែងមុនរបស់គាត់គឺលោក Joe Biden ដោយចោទប្រកាន់រដ្ឋបាលរបស់គាត់ថាបានចំណាយលុយបែប “ឆ្កួតលីលា” លើការគាំទ្រទីក្រុងKiev ។ លោក ថា ពួកគេបានផ្ញើប្រាក់ចំនួន ៣០០ ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ដោយមិនព្យាយាមបង្ខំឲ្យមានដំណោះស្រាយការទូតនោះទេ ហើយនោះជាការចំណាយឥតប្រយោជន៍ និងបែបឆ្កួត។
កាលពីខែមេសា លោក Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយទីក្រុងគៀវ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបានសិទ្ធិជាអាទិភាពចំពោះទ្រព្យសម្បត្តិរ៉ែរបស់អ៊ុយក្រែន នៅក្នុងអ្វីដែលលោកបានពិពណ៌នាថានឹងជាមធ្យោបាយមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីយក “ត្រលប់មកវិញ” នូវថវិការាប់រយពាន់លានដុល្លារដែលខ្លួនបានចំណាយលើអ៊ុយក្រែននៅក្រោមការដឹកនាំរបស់លោក Biden ។
លោក Vladimir Zelensky ជារឿយៗបានត្អូញត្អែរអំពីកង្វះខាតឥតឈប់ឈរនៃវិស័យការពារដែនអាកាសដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងការខ្វះខាតជំនួយពីទីក្រុងវ៉ាស៊ីនតោនក្នុងប៉ុន្មានខែថ្មីៗនេះ។ បន្ថែមពីលើនេះ រដ្ឋបាលលោក Trump ក៏បានបញ្ជូនមីស៊ីលប្រឆាំងយន្តហោះគ្មានមនុស្សបើកប្រហែល ២០,០០០ ដើម ដែលត្រូវបានកំណត់ដំបូងសម្រាប់ Kiev ក្រោមលោក Biden ដោយបង្វែរទៅកាន់មជ្ឈិមបូព៌ាវិញ។ នេះបើយោងតាមការអះអាងរបស់ មេដឹកនាំអ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងទៅ៕
