ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានអភិវឌ្ឃកម្មវិធីយុវជន បានរៀបចំសិក្ខាសាលាស្ដីពី “ជំនាញទន់សម្រាប់យុវជន” ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១១ ចំនួន៧៧នាក់ ស្រី ៥២នាក់ នៅមន្ទីរអប់រំ យុវជន និកីឡាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន។

សិក្ខាសាលាស្តីពីជំនាញទន់សម្រាប់យុវជននេះ រៀបចំឡើងក្នុងគោលបំណងធើ្វការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព ទេពកោសល្យ និងបំណិនជីវិតដល់យុវជនថ្នាក់ទី១០ និងទី១១។ កម្មវិធីនេះ ជួយសម្រួចជំនាញ ភាពធន់ និងបំណិន ដល់យុវជនឱ្យមានមានសម្ថភាពក្នុងការទំនាក់ទំនងនៅកន្លែងសិក្សា កន្លែងការងារ ក្នុងសង្គម ចេះដឹកនាំការប្រជុំដោយប្រសិទ្ធភាព ចេះធ្វើបទបង្ហាញដ៏សស្ចារ្យ ចេះត្រិះរិះពិចារណា ចេះដោះស្រាយបញ្ហា ធើ្វការជាក្រុម ចេះស្រាវជ្រាវ និងការផ្លាស់ប្តូរបែបវិជ្ជមានក្នុងការរៀបចំផែនការជីវិត ផែនការអាជីពការងារ ឱ្យស្របតាមតម្រូវការទីផ្សារការងារ សហគមន៍រស់នៅ និងសង្គម។

ក្នុងឱកាសនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា៖
– យុវជនត្រូវស្គាល់ពីខ្លួនឯង ជំនាញទំនាក់ទំនងជាពាក្យសំដី ការរៀបចំ និងដឹកនាំការប្រជុំប្រកបដោយប្រសិទ្ធភាព ការធ្វើបទបង្ហាញ និងការកំណត់ទស្សនវិស័យ
– យុវជនទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីចំណេះដឹងថ្មីៗ ព័ត៌មានសិក្សានៅឧត្តមសិក្សា និងទីផ្សារការងារ
– យុវជនអាចជ្រើសយកឯកទេសសិក្សានៅកម្រិតឧត្តមសិក្សា និងអាជីពបានត្រឹមត្រូវសម្រាប់អនាគត
– បំណិនក្នុងការរៀបចំផែនការជីវិត អភិវឌ្ឍខ្លួន ដើម្បីទទួលបានជោគជ័យក្នុងជីវិត
– ចំណេះដឹងអំពីសហគ្រិនភាព STEM ជំនាញសតវត្សន៍ទី២១ ការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្ម ៤.០
– ត្រូវខំរៀនភាសារបរទេស និងបច្ចេកវិទ្យាថ្មី៕






