វេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ​ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីក្នុងវេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង។

វេទិកាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពី: លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោកនាយករងវិទ្យាល័យស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ, លោកអភិបាលរងក្រុងស្វាយរៀង, លោក លោកស្រី លោកគ្រូ អ្នកគ្រូជំនាញ ក្រុមការងារដែលអញ្ជើញមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, ប្អូនៗ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀងជាច្រើនរូបទៀត។

វេទិកាផ្សព្វផ្សាយនេះ លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ក្មួយៗដែលបានមកអង្គុយនៅទីដ៏ម្លប់ត្រជាក់នេះ គឺពិតជាមានសំណាងខ្លាំងណាស់ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នៃរដ្ឋសភា។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃជាច្រើនដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយខិតខំកសាង និងថែរក្សាបន្ត ជាក់ស្ដែងថ្ងៃនេះប្អូនៗមានវត្តមាននៅទីនេះគឺជាសមិទ្ធផលដ៏ធំធេងពុំអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំបាន ដែលបានឃើញកូនក្មួយមានសមត្ថភាព សិក្សាស្វែងយល់រៀនសូត្រ ក្រេបជញ្ចក់យកចំណេះដឹង ចំណេះធ្វើ ពីលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនក្មួយៗ ដើម្បីជាស្ពាន និងជាសំណង់ទុកក្នុងការកសាងជីវិត ក្នុងការប្រកបមុខរបស់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត។

លោក ម៉ែន អេង ក៏បានសង្កត់ធ្ងន់ថាក្នុងខេត្តស្វាយរៀងទទួលបានចំនួន ៣៤,០០០ នាក់ នៅក្នុង ១លាន ៥សែននាក់(1.5M) ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីជួយគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រៀនបានទាំងជំនាញ និងបានថវិកាទៀត ស្របតាមឃ្លាមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគឺរៀនឱ្យចប់ ឱ្យចេះ និងមានការងារធ្វើ។

នៅក្នុងនោះផងដែរលោកអភិបាលរងខេត្តបានរំលេចជូនទៅដល់ប្អូនៗសិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងវេទិកាអំពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ទាំងរូបិយនិងអរូបិយ ដែលបានដាក់នៅអង្គការយូណេស្កូ និងវប្បធម៌ខ្មែរជាច្រើនទៀតដែលបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកដែលជាការខិតខំប្រឹងប្រែងស្ថាបនា និងថែរក្សារបស់បុព្វបុរសខ្មែរយើងរហូតមកដល់សម័យបច្ចុប្បន្ន។

លោកបន្ថែមថា ក្នុងនាមជាយុវជន ក្នុងនាមជាសិក្សានុសិស្ស និងប្រជាពលរដ្ឋក្នុងជំនាន់ក្រោយនេះ ត្រូវតែខិតខំថែរក្សាដើម្បីជាទំពាំងស្នងឬស្សី ក្នុងការបន្តវេនពីបុព្វបុរសខ្មែរយើងដែលត្រូវខិតខំសិក្សារៀនសូត្រជាប្រចាំរៀនទាំងចំណេះដឹងទូទៅ បច្ចេកទេស ប្រវត្តិសាស្ត្រ ដើម្បីទទួលបានចំណេះ ចំណេះធ្វើ និងជំនាញពិតប្រាកដ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ៕គឹមសេង

Written by 

Related posts

Leave a Comment