តាកែវ៖ រហូតមកដល់ខែ ឧសភា ឆ្នាំ ២០២៥ ទៅហើយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋជិត ៣០០ គ្រួសារក្នុងភូមិចំនួនបី នៃក្រុងដូនកែវហាក់មិនមានសង្ឃឹមទាល់តែសោះទៅលើចំណាត់ការរបស់លោកចៅហ្វាយក្រុងដូនកែវដែលពួកគាត់បានស្នើសុំឲ្យមានការដោះដូរទីតាំងគំនរចាក់សំរាមរបស់អ្នកស្រី លឹម សុខា ចេញពីទីតាំងចាស់នេះចេញដោយសារតែបងប្អូនប្រជាពលរដ្ឋបាន និងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដែលភាយក្លិនស្អុយពីគំនរសំរាមនិងផ្សែងពុលនៃការដុតសំរាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តំណាងប្រជាពលរដ្ឋបានឲ្យដឹងថាដោយសារការអត់ទ្រាំនិងការជះក្លិនស្អុយ និងផលប៉ះពាល់សុខភាពយូរឆ្នាំមកហើយនោះ ពួកគាត់ក៏បានស្នើឲ្យមានការផ្លាស់ប្តូរទីតាំងចាក់សំរាមទៅកន្លែងផ្សេងវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះហាក់ពុំទាន់មានពន្លឺនៃដំណោះស្រាយនៅទ្បើយ។ ផ្តើមពីនោះធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង។
ប្រជាពលរដ្ឋទាំង ៣ ភូមិ គឺភូមិស្នោរក្នុងសង្កាត់រកា, ភូមិព្រិច និងភូមិធ្នុង ក្នុងសង្កាត់រកាក្រៅនៃក្រុងដូនកែវខេត្តតាកែវ បានស្នើសុំជាថ្មីទៀតដល់លោកអភិបាលក្រុងដូនកែវ មេត្តាជួយប្រជាពលរដ្ឋផង ព្រោះមិនអាចទ្រាំទ្របានទៀតទេ ក្លិនស្អុយ ក្លិនផ្សែងនៃគំនរសំរាមបាននិងកំពុងបង្កផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាព សំខាន់កូនចៅប្រជាពលរដ្ឋទាំង៣ ភូមិខាងលើ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋបាននិយាយដោយអស់សង្ឃឹមថា មកដល់ខែ ឧសភា ឆ្នាំ ២០២៥ ទៅហើយពួកគាត់ហាក់គ្មានសង្ឃឹមបន្តិចសោះទៅលើលោកអភិបាលក្រុងដូនកែវដើម្បីប្តូរទីតាំងគំនរចាក់សំរាមនោះ ខណដែលពួកគាត់បាមដាក់ពាក្យស្នើសុំតាំងពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ មកម៉្លេះ ហើយបើគិតមកដល់ពេលនេះ មានរយៈពេលជិត ៣ ឆ្នាំមកហើយ ហើយលោកអភិបាលក្រុងហាក់មិនមានការឆ្លើយតបឬរកដំណោះស្រាយណាជូនដល់ពួកគាត់សោះ។
តំណាងប្រជាពលរដ្ឋបានបន្តទៀតថា ប្រសិនបើលោកអភិបាលក្រុងមិនមានការដោះស្រាយជូនដល់ពួកគាត់ទេ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងស្នើសុំ និងផ្តល់ក្តីសង្ឃឹមទៅលើឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដើម្បីសុំឯកឧត្តមជួយដល់ពួកគាត់។

ដូច្នេះសូមឯកឧត្តមមេត្តាជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផង ព្រោះប្រជាពលរដ្ឋទាំងបីភូមិនេះបាននិងកំពុងទទួលរងផលប៉ះពាល់ដល់សុខភាពពីគំនរសំរាមនេះច្រើនឆ្នាំណាស់មកហើយ ហើយមិនមានអាជ្ញាធរណាអាចជួយរកដំណោះស្រាយជូនដល់ពួកគាត់បានសោះ។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១០ ខែមិថុនា ២០២៥ ភ្នំពេញថ្មីមិនទាន់អាចទាក់ទង លោកកង អាណាន់ ចៅហ្វាយក្រុងដូនកែវដើម្បីធ្វើការបញ្ជាក់បាននៅឡើយ។ ប៉ុន្តែបើតាមអភិបាលរងក្រុងដូនកែវមួយរូបបានឲ្យដឹងថា នៅពេលនេះខាងសាលាខេត្តតាកែវបានស្នើសុំទៅក្រសួងដើម្បីសុំដីនៅព្រៃលើមួយកន្លែងធ្វើជាទីតាំងចាក់សំរាមសម្រាប់ក្រុងដូនកែវ ស្រុកត្រាំកក់នឹងស្រុកទ្រាំងហើយ ហើយក៏នឹងមានឡដុតត្រឹមត្រូវផងដែរ ហើយសូមឲ្យបងប្អូនរងចាំបន្តិចសិន៕តាកែវ




