អភិបាលក្រុងគៀវ លោក Vitali Klitschko បាននិយាយថា ប្រទេសរុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំលើប្រទេសអ៊ុយក្រែន ដោយសំដៅទីក្រុងសំខាន់ៗជុំវិញ។

អភិបាលក្រុង Odesa លោក Oleg Kiper បាននិយាយ នៅលើ Telegram ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើក្រុងនេះ គឺកំណត់គោលដៅលើអគារវេជ្ជសាស្ត្រ និងអគារលំនៅដ្ឋាន ដោយសម្លាប់បុរសអាយុ ៥៩ ឆ្នាំម្នាក់ និងរបួស ៤ នាក់ ផ្សេងទៀត។
លោក Klitschko បានឲ្យដឹងថា ភ្លាមៗក្រិយការវាយប្រហារ ស៊ីរ៉ែនឡានសង្គ្រោះបន្លឺឡើងនៅតាមទីក្រុងនានារបស់អ៊ុយក្រែន។
ការវាយប្រហារចុងក្រោយនេះ កើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃចន្ទ ដោយលោក ពូទីន និយាយថាជាវិធានការសងសឹកចំពោះការវាយប្រហារនាពេលថ្មីៗនេះ “Operation Spider Web” របស់ក្រុងគៀវ សំដៅលើយន្តហោះទម្លាក់គ្រាប់បែកក្រុងមូស្គូ៕

ដោយ៖ ពេជ្រ