សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥” ក្រោមប្រធានបទ៖ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” និង “វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី២ ឆ្នាំ២០២៥” ក្រោមប្រធានបទ “តួនាទីរបស់គ្រឹះស្ថានឧត្តម សិក្សា ក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត” ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថានិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងអគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប គណៈអធិបតី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សិស្ស-និស្សិត គណៈប្រតិភូ ដែលមកពី ៣០ គ្រឹះស្ថានអប់រំ នៃ ១៤ ប្រទេស និងមានការផ្សាយបន្តផ្ទាល់តាមរយៈ ZOOM Cloud Meeting ទៅកាន់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណជាង ៥០០០នាក់។
ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងគោលបំណង និងមានខ្លឹមសារដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ដ៏ត្រចះត្រចង់នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតលើវឌ្ឍនភាពនៃវិស័យអប់រំ និងសេដ្ឋកិច្ចជាតិទៅកាន់ឆាកអន្តរជាតិ
២. បង្កើតបណ្តាញទំនាក់ទំនងគ្នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលចូលរួមក្នុងសន្និសីទនេះ
៣. បង្ហាញអំពីគ្រឹះស្ថានអប់រំជាដៃគូ អំពីកម្មវិធីសិក្សាទៅកាន់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស
៤. ធ្វើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងការអប់រំ តាមរយៈការផ្លាស់ប្តូរសិស្ស-និស្សិត បុគ្គលិក សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះស្ថាប័នទាំងក្នុង និងក្រៅប្រទេស
៥. ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសាលារដ្ឋ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ
៦. ចូលរួមចំណែកនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។





