បទវិភាគ៖ការដំឡើងពន្ធគយ បណ្តាលឱ្យ “សុបិនអាមេរិក”កាន់តែថ្លៃ

“ការវាយតម្លៃរបស់ពិភពលោកទាំងមូលចំពោះអាមេរិកបានប្រែជាអវិជ្ជមាន ហើយចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនបានកើនឡើង”។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនប្រឹក្សាយោបល់Morning Consultដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិកបានប្រកាសលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា គិតត្រឹមចុងខែឧសភា ចំណាប់អារម្មណ៍ល្អរបស់ពិភពលោកចំពោះអាមេរិកបានធ្លាក់ចុះដល់-១,៥ ប៉ុន្តែទិន្នន័យរបស់ប្រទេសចិនបែរជាឡើងដល់៨,៨ ។ ពិតមែនតែនេះគ្រាន់តែជាលទ្ធផលស្ទង់ប្រជាមតិស្ថាប័នតែមួយក៏ដោយ ក៏ប៉ុន្តែដោយសារការស្ទង់មតិលើកនេះបានធ្វើឡើងនៅប្រទេសនិងតំបន់ចំនួនជាង៤០ ថែមទាំងភាគច្រើនជាដៃគូផ្នែកសេដ្ឋកិច្ចនិងយោធាដ៏សំខាន់បំផុតរបស់អាមេរិក បានជាលទ្ធផលនេះគឺប្រកបដោយភាពគួរឱ្យទុកចិត្តនិងការព្រមាន ។

តាំងពីចូលឆ្នាំនេះមក ការដែលអាមេរិកអនុវត្តគោលនយោបាយពន្ធគយយ៉ាងអនាធិបតេយ្យបានបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយអាមេរិកក៏បាននិងកំពុងបង់តម្លៃយ៉ាងធ្ងន់ធ្ងរផងដែរ ។ នៅថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលអាមេរិកបានប្រកាសទៀតថា នឹងដំឡើងពន្ធគយនាំចូលដែកថែបនិងអាលុយមីញ៉ូមពី២៥ភាគរយដល់៥០ភាគរយ ដែលបានរងការរិះគន់យ៉ាងខ្លាំងពីពិភពលោកទាំងមូល ។ “អាមេរិកប៉ុនប៉ងលាក់បាំងកង្វះខាតរបស់ខ្លួនដោយយកសន្តិសុខជាតិធ្វើជាលេស ” “នេះជាទង្វើបំផ្លាញសេដ្ឋកិច្ចខ្លួនឯងដ៏សុទ្ធសាធ ” “បានសឱ្យឃើញនូវអាកប្បកិរិយាក្រអឹតក្រអោងរបស់ប្រទេសធំ ” ។ល។

សង្គ្រាមពន្ធគយ គ្មានអ្នកឈ្នះទេ ។ បើមើលពីការពិតជាក់ស្តែង អាមេរិកដំឡើងពន្ធគយលើកនេះ សំខាន់គឺសំដៅចំពោះសម័្ពន្ធមិត្តសំខាន់ៗ ។ បច្ចុប្បន្ននេះ ដែកថែមប្រហែល១ភាគ៤និងអាលុយមីញ៉ូម១ភាគពីរដែលអាមេរិកបានប្រើប្រាស់ គឺពឹងផ្អែកទៅលើការនាំចូល ។ តាមទិន្នន័យស្ថិតិរបស់សមាគមន៍ដែកថែបរបស់អាមេរិកបានឱ្យដឹងថា ប្រទេសជាប្រភពនាំចូលដែកថែបដ៏សំខាន់របស់អាមេរិកគឺកាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូងនិងវៀតណាម ។ ព្រមពេលជាមួយគ្នានេះ កាណាដាក៍ជាប្រទេសផ្គត់ផ្គង់អាលុយមីញ៉ូមដ៏សំខាន់របស់អាមេរិកផងដែរ ។ ដោយមកពីអាមេរិកនិងអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុគ្រោះនិងកាត់បន្ថយពន្ធគយដល់គ្នាទៅវិញទៅមក បានជាពន្ធគយរបស់អាមេរិកសម្រាប់នាំចូលដែកថែបនិងអាលុយមីញ៉ូមពីអង់គ្លេសរក្សានៅត្រឹម២៥ភាគរយដដែល ប៉ុន្តែពន្ធគយនាំចូលពីប្រទេសផ្សេងទៀតបានដំឡើងដល់៥០ភាគរយ ។

និយាយចំពោះប្រទេសចិនវិញ បច្ចុប្បន្ននេះ បរិមាណនាំចេញផលិតផលដែកថែបនិងអាលុយមីញ៉ូមទៅកាន់អាមេរិក ត្រូវជាប្រហែល១០ភាគរយនៃបរិមាណនាំចេញដែកថែបនិងអាលុយមីញ៉ូមសរុប ។ ប៉ុន្តែការពិតជាក់ស្តែងពីមុនបានបញ្ជាក់រួចហើយថា ទីបំផុត ពន្ធគយទាំងនេះនឹងផ្ទេរទៅកាន់អ្នកប្រើប្រាស់របស់អាមេរិក។ ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានព្រមានថា ការដែលរដ្ឋាភិបាលដំឡើងពន្ធគយដែកថែបនិងអាលុយមីញ៉ូមនឹងបណ្តាលឱ្យមានការព្រួយបារម្ព តម្លៃរបស់រថយន្ត តម្លៃបោកខោអាវ រហូតដល់តម្លៃអចលនទ្រព្យប្រហែលនឹងឡើងថ្លៃយ៉ាងខ្លាំង គ្រួសាររាប់លានរបស់អាមេរកនឹងទទួលបន្ទុកដើមទុននេះ ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា អាមេរិកអនុវត្តគោលនយោបាយពន្ធគយយ៉ាងអនាធិបតេយ្យនឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ។ នៅថ្ងៃទី ៣ខែមិថុនា អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច(OECD)បានបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់អាមេរិកនៅឆ្នាំនេះមកនៅត្រឹមតែ១,៦ភាគរយ ហើយបានបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់អាមេរិកនៅឆ្នាំ២០២៦មកនៅត្រឹម១,៥ភាគរយ ។

បច្ចុប្បន្ននេះ ប្រទេសកាន់តែច្រើនឡើងៗបានយល់ឃើញថា “អាមេរិកជាអាទិភាព” មានតែនឹងនាំមកនូវភាពរង្គោះរង្គើតែប៉ុណ្ណោះ ការឱនក្បាលចំពោះអនុត្តរភាពពន្ធគយ មានតែនឹងរងការសម្ពាធកាន់តែខ្លាំងឡើងៗទៅវិញ មានតែរួមសាមគ្គីគ្នា មានជំនឿចិត្តលើខ្លួន ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ទើបអាចគាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនបាន ហើយនឹងសម្រេចបាននូវការអភិវឌ្ឍរួម ៕

Written by 

Related posts

Leave a Comment