ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្មនិងការកើនឡើងគោលនយោបាយគាំពារនិយម កំពុងបង្កហានិភ័យដល់សេដ្ឋកិច្ចសកល ប្រទេសចិនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ នៅតែអាចរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
សូចនាករសេដ្ឋកិច្ចដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា ការប្រើប្រាស់ និងការវិនិយោគនៅប្រទេសចិនក្នុងខែមេសា បានកើនឡើងជាលំដាប់ ស្របពេលការនាំចេញរបស់ចិននៅតែមានកំណើនគួរឱ្យកត់សម្គាល់។ ការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើក និងភាពធន់នៃសេដ្ឋកិច្ចចិន ទោះក្នុងបរិបទនៃការកើនឡើងសម្ពាធយ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ។
លទ្ធផលនេះ ពុំមែនជាអ្វីដែលកើតឡើងដោយចៃដន្យទេ។ វាគឺជាផ្លែផ្កាដែលបានមកពីកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ ក្នុងការដាក់ចេញ និងអនុវត្តយ៉ាងស្វិតស្វាញនូវយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យ និងបុរេសកកម្ម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការលើកកម្ពស់នវានុវត្តន៍ បច្ចេកវិទ្យា និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបាន និងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមអភិវឌ្ឍន៍នានា។ ជាមួយនឹងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ប្រទេសចិន បានសម្រេចនូវវឌ្ឍនភាពជាច្រើន ជាពិសេសក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា ដែលរាប់ចាប់ពីបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឆ្លាតវៃ រថភ្លើងល្បឿនលឿន យន្តហោះពាណិជ្ជកម្ម ឧស្សាហកម្មមនុស្សយន្ត រហូតដល់យានយន្តដើរដោយថាមពលបង្កើតថ្មី និងថាមពលបៃតង។
បន្ទាប់ពីការលេចចេញនូវវត្តមានរបស់ក្រុមហ៊ុន AI ចិន “Deepseek” ដែលបានបង្កការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិម្តងរួចមកហើយ នាពេលថ្មីៗនេះ ក្រុមហ៊ុនចិន Huawei បានអង្រួនចិត្តអ្នកតាមដានបច្ចេកវិទ្យាសាជាថ្មីម្តងទៀត ជាមួយនឹងការដាក់សម្ពោធជាផ្លូវការនូវកុំព្យូទ័រយួរដៃដើរដោយប្រព័ន្ធ HarmonyOS ដំបូងគេបង្អស់ ស្របពេលដែលក្រុមហ៊ុនចិន Xiaomi បានប្រកាសពីគម្រោងផលិតបន្ទះឈីបទូរស័ព្ទចល័តកម្រិតខ្ពស់ XringO1 ដោយខ្លួនឯង។
ទឡ្ហីករណ៍ទាំងនេះ មិនមែនជាភាពជោគជ័យផ្នែកពាណិជ្ជកម្មដាច់ដោយឡែករបស់ក្រុមហ៊ុនចិននោះទេ ប៉ុន្តែបានបង្កប់នូវអត្ថន័យជាយុទ្ធសាស្ត្រអំពីអធិបតេយ្យភាពបច្ចេកវិទ្យារបស់ប្រទេសចិន នៅចំពោះមុខនៃការកើនឡើងនូវសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ។ វាក៏បានបញ្ជូនសារដ៏សំខាន់មួយទៅកាន់ពិភពលោកថា ប្រទេសចិនបានវិវត្តខ្លួនទៅជាអ្នកបង្កើតនវានុវត្តន៍ និងបច្ចេកវិទ្យាបានដោយជោគជ័យ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងការរំខានពីមជ្ឈដ្ឋានខាងក្រៅ។
ក្រៅពីវឌ្ឍនភាពក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាភិបាលចិនក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងទីផ្សារក្នុងស្រុក ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការធ្វើគោលនយោបាយប្រកបដោយយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសនូវហានិភ័យនានា ដែលបណ្តាលមកពីភាពមិនប្រាកដប្រជាសកល ខណៈព្យាយាមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ស្ថិរភាព និងបរិយាបន្ន។
ជាក់ស្តែង នៅឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានចាក់បញ្ចូលសាច់ប្រាក់ប្រមាណ ១៤០ ប៊ីលានដុល្លារក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី (trade-in program) ដែលជាគោលនយោបាយជំរុញការចំណាយអ្នកប្រើប្រាស់របស់រដ្ឋាភិបាលចិន បានធ្វើឱ្យអ្នកប្រើប្រាស់ជនជាតិចិនជាង ១២០ លាននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលបានជំរុញការលក់រហូតដល់ជាង ១០០ ពាន់លានដុល្លារ។ គោលនយោបាយទាំងនេះ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្កើនស្ថិរភាពទីផ្សារ និងការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានភាពធន់ និងរស់រវើកថែមទៀត។
មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណា ប្រទេសចិននៅតែបន្តការប្តេជ្ញាចិត្តឥតងាករេក្នុងការជំរុញទំនើបភាវូបនីយកម្មរបស់ខ្លួន លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បន្តការធ្វើពិពិធកម្មពាណិជ្ជកម្មក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងផលប្រយោជន៍ទៅវិញទៅមក ប្រទេសចិនបានកា្លយជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសជាង ១៤០ ។ ក្នុងខែមេសា ឆ្នាំ២០២៥ ការនាំចេញរបស់ចិនបានកើនឡើង ៨.១% (ប្រមាណ ៣១៥,៧ ពាន់លានដុល្លារ) លើសពីការរំពឹងទុករបស់ទីផ្សារ ទោះបីការនាំចេញទៅកាន់អាម៉េរិកមានការធ្លាក់ចុះ ២១% ដោយសារការដំឡើងពន្ធបដិការក៏ដោយ។
ជារួម ទោះបីប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក្តី សេដ្ឋកិច្ចចិននៅតែបន្តមានភាពរស់រវើក និងភាពធន់។ និយាយម្យ៉ាងទៀត សេដ្ឋកិច្ចចិនកាន់តែមានភាពធន់ នៅពេលជួបសម្ពាធកាន់តែខ្លាំង។ ដូចដែលឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ធ្លាប់បានថ្លែងថា ”សេដ្ឋកិច្ចចិនគឺជាមហាសមុទ្រដ៏ធំល្វឹងល្វើយ។ មិនថារលកបោកបក់ និងព្យុះខ្លាំងប៉ុណ្ណា មហាសមុទ្រមួយនេះនឹងមិនរង្គោះរង្គើឡើយ។ ចិនមានប្រវត្តិសាស្ត្រ ៥ ពាន់ឆ្នាំហើយ ឆ្លងកាត់សង្រ្គាមព្យុះភ្លៀងក៏មិនតិចដែរ។ ចិននៅតែជាចិន ហើយនៅថ្ងៃមុខ ចិនក៏នៅតែជាចិនដែរ។”


ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា