ផ្លូវ១ខ្សែពីស្រុកអូរជុំឆ្ពោះទៅស្រុកវើនសៃ រងការខូចខាតបន្ទាប់ពីភ្លៀងធ្លាក់រាល់ថ្ងៃមន្ទីរសាធារណការកំពុងជួសជុលថែទាំកុំឲ្យរថយន្តដឹកធ្ងន់ផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន

ខេត្តរតនគិរី÷ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគីរី បានចេញសេចក្តីជូនដំណឹងលេខ០២៩/២៥ លជ/រគ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់ ដឹកខ្សាច់ ដឹកថ្ម នៅលើដងផ្លូវជាតិលេខ៧៨c។លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី ជូនដល់សាធារណជន ម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្ត ដឹកទំនិញធុនធ្ងន់ ដឹកខ្សាច់ ដឹកថ្ម ដែលកំពុងធ្វើចរាចរណ៍ទៅមកបានលុង-ស្រុកវើនសៃ ខណ:ពេលនេះរដូវវស្សាមេឃកំពុងធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃ ធ្វើឲ្យផ្លូវជាតិលេខ៧៨c បានរងការខូចខាតជាច្រើនកន្លែង ក្នុងនោះក្រុមការងារជួសជុលនិងថែទាំផ្លូវរបស់មន្ទីរសាធារណការនិងដឹកជញ្ជូន ក៏កំពុងតែធ្វើការថែទាំដើម្បីសម្រួលការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ដូច្នេះដើម្បីជួយសម្រួលដល់ក្រុមបច្ចេកទេសអនុវត្តការងារឲ្យបានរលូន សូមសាធារណជនម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ ដឹកខ្សាច់ ដឹកថ្ម មេត្តាផ្អាកការធ្វើអាជីវកម្មរបស់ខ្លួនមួយរយៈសិន ចាប់ពីពេលជូនដំណឹងនេះរហូតដល់មានការអនុញ្ញាតឡើងវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានដឹកនាំកម្លាំងដាក់គ្រឿងចក្រ ចុះសម្រួលផ្លូវនិងចាក់ថ្មកិនបង្ហាប់កន្លែងដែលលំបាកធ្វើដំណើរ ចន្លោះស្រុកអូរជុំ និងស្រុកវើនសៃ ដែលមានទីតាំងស្ថិតនៅម្ដុំភ្នំកាច់ចង្កេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ ជាអន្តរកាល នារដូវភ្លៀងធ្លាក់នេះ។

លោក សាយ សាមាន បានបញ្ជាក់ថា ផ្លូវនេះគឺជាផ្លូវដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត ដែលតាមគម្រោង និងស្ថាបនាជាផ្លូវកៅស៊ូ DBST ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ ចេញពីរង្វង់មូលស្រុកអូរជុំ ឆ្ពោះទៅដល់ទីរួមស្រុកវើនសៃ ហើយត្រូវបានថែទាំជួសជុលជាប្រចាំ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

លោកបានបញ្ជាក់ទៀតថា ផ្លូវនេះជាខ្សែសេដ្ឋកិច្ចមួយយ៉ាងសំខាន់ចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ ផ្លូវនេះនៅរដូវភ្លៀងធ្លាក់តែងតែមានការស្រុតផុង ធ្វើឲ្យលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសត្រង់តំបន់ភ្នំកាច់ចង្កេះនេះតែម្ដង ដែលមានជម្រាលអូរ ជ្រលងភ្នំជ្រៅ ហើយបត់បែនច្រើនទៀត។

លោកថា ជាក់ស្ដែងដូចជាពេលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនោះ ធ្វើឲ្យបង្កការលំបាកដល់ប្រជាពលរដ្ឋនៅតំបន់នេះ ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ។ ដើម្បីជាការជួយសម្រួលដល់ប្រជាពលរដ្ឋ មន្ទីរសាធារណការ ខិតខំដឹកថ្មដាក់គ្រឿងចក្រកៀរបង្ហាប់ ចាក់តំបន់ដែលមានចំណោទរអិលខ្លាំង កិនថ្មម៉ិច បង្ហាប់បន្ថែម ដើម្បីជាការសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន៕

Written by 

Related posts

Leave a Comment