កិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជុំទី ៦ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងស្រពិចស្រពិល ហើយប្រហែលជាមានភាគរយតិចខ្លាំងថានឹងកើតឡើង។ នេះបើតាមការរាយការណ៍របស់ CNN ដោយដកស្រង់ប្រភព។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែល បានឲ្យដឹងថា អ៊ីរ៉ង់ ចាត់ទុកសំណើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនថា មិនស៊ីសង្វាក់គ្នា និងមិនសមហេតុសមផលបំផុត ដោយមានការទាមទារច្រើនពេក។
ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ក៏បាននិយាយថា ការដែលភាគីអាមេរិក តែងតែប្ដូររបៀបវារៈនៃកិច្ចចរចាឥតឈប់ឈររហូតមកដល់ពេលនេះ គឺជាឧបសគ្គចម្បងនៃបរាជ័យ។
មន្ត្រី បន្តថា ការផ្លាស់ប្ដូរនេះ មកដល់ជុំនេះ គឺធ្វើឱ្យការងារកាន់តែលំបាកជាងពេលណាៗទាំងអស់។
លោក ក៏បានចង្អុលបង្ហាញថា សំណើរបស់អាមេរិកបច្ចុប្បន្ន គឺផ្ទុយពីការយល់ព្រមគ្នាពីមុន។
គួរបញ្ជាក់ថា សំណើដែលអាមេរិក បានផ្តល់ឱ្យទីក្រុងតេអេរ៉ង់ ចុងក្រោយគឺអ៊ីរ៉ង់ ត្រូវកាត់បន្ថយជាបណ្តោះអាសន្ននូវការចម្រាញ់សារធាតុអ៊ុយរ៉ាញូម មកត្រឹម ៣ ភាគរយ ៕

ដោយ៖ ពេជ្រ