នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា អ៊ុយក្រែនជាប្រទេសគ្រោះថ្នាក់ ដូច្នេះពួកគេ គួរតែរក្សាគម្លាតពីសហភាពអឺរ៉ុប។

លោក Orban បានចង្អុលបង្ហាញពីការកើនឡើងនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការបោកបញ្ឆោតតាមទូរស័ព្ទដោយក្រុមឧក្រិដ្ឋជនអ៊ុយក្រែន ដោយ ៨០ ភាគរយ នៃឧក្រិដ្ឋកម្មបែបនេះនៅក្នុងប្រទេសហុងគ្រី។
លោក បានបន្ថែមថា បញ្ហាខុសច្បាប់នេះ ត្រូវបានកត់ត្រា កាលពីមួយរយៈមុនដែលប្រជាជនហុងគ្រី ចាញ់បោកប្រាក់អស់សរុបចំនួន ២០ លានអឺរ៉ូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ថា ក្រុមអនាមិកអ៊ុយក្រែន ប្រើបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញយ៉ាងទូលំទូលាយ។ ដូច្នេះ លោក ថា អ៊ុយក្រែន ជាប្រទេសគ្រោះថ្នាក់ មិនគួរមានការទទួលយកអ៊ុយក្រែន ចូលប្លុក EU ទេ។
ជាមួយគ្នានោះ លោក បានបញ្ជាក់ជាថ្មីថា លោក ប្រឆាំងនឹងគំនិតនៃការចូលជាសមាជិកសហភាពអឺរ៉ុប សម្រាប់ទីក្រុងគៀវ។ នាយករដ្ឋមន្ត្រីហុងគ្រី បានពន្យល់ថា បន្ទាប់ពីចូលរួមជាមួយសហភាពអឺរ៉ុប នោះវានឹងកាន់តែងាយស្រួលសម្រាប់ឧក្រិដ្ឋជនអ៊ុយក្រែន ។
គួរបញ្ជាក់ថា ហុងគ្រី ជាប្រទេសមួយដែលតែងតែសម្ដែងការមិនពេញចិត្តនឹងការចូលជាសមាជិកភាពរបស់សហភាពអឺរ៉ុប ដោយថានឹងនាំហានិភ័យធំចូលប្លុក ៕

ដោយ៖ ពេជ្រ