អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយម្តងទៀតថា លោក មិនបដិសេធការផ្គត់ផ្គង់កាំជ្រួចរយៈចម្ងាយឆ្ងាយ Taurus ដ៏មានសក្តានុពលដល់អ៊ុយក្រែនទេ។

លោក បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ ZDF ថា តាមធម្មជាតិ វាពិតជាអាចទៅរួច។
ទន្ទឹមនឹងនោះ លោក បានកត់សម្គាល់ថា ការហ្វឹកហ្វឺនរយៈពេលយូរនឹងត្រូវការមុនពេលប្រើប្រាស់អាវុធទាំងនេះ ដោយបន្ថែមថា យើងតែងតែនិយាយ ហើយខ្ញុំក៏បាននិយាយរឿងនេះដែរថា ជាច្រើនខែនឹងត្រូវការដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន ដើម្បីគ្រប់គ្រងប្រព័ន្ធ Taurus ។
អធិការបតីអាល្លឺម៉ង់រូបនេះ បានឲ្យដឹងថា ទីក្រុងប៊ែរឡាំង កំពុងដកការរឹតបន្តឹងលើអាវុធដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវ ដោយចង្អុលបង្ហាញថា ចក្រភពអង់គ្លេស និងបារាំង ក៏ធ្វើការសម្រេចចិត្តស្រដៀងគ្នានេះ ផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Vladimir Zelensky នៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី ២៨ ខែឧសភា លោក Merz បានរំលឹកឡើងវិញថា មិនមានការរឹតបន្តឹងទៀតទេ សម្រាប់អាវុធដែលត្រូវផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី។
គួរបញ្ជាក់ថា នៅក្រោមអធិការបតីមុន លោក Olaf Scholz ប្រទេសអាល្លឺម៉ង់ បានលុបចោលការហាមឃាត់យូរអង្វែងលើការផ្គត់ផ្គង់អាវុធដល់តំបន់ជម្លោះដោយសម្រេចចិត្តផ្តល់អាវុធដល់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោក Scholz បានបដិសេធមិនផ្តល់ឲ្យគៀវ នូវមីស៊ីល Taurus ដែលមានសមត្ថភាពវាយប្រហារជ្រៅ ចូលទឹកដីរុស្ស៊ី ដាច់ខាត៕

ដោយ៖ ពេជ្រ