ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃជ័យជម្នះរបស់ប្រទេសចិនលើចក្រភពជប៉ុនក្នុងសង្គ្រាមលោកលើកទី ២។ នេះបើយោងតាមលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu ថ្លែងឲ្យដឹង។

លោក Shoigu បានធ្វើសេចក្តីប្រកាសំពីព័ត៌មាននេះកាលពីថ្ងៃអង្គារក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងមូស្គូជាមួយលោក Chen Wenqing ប្រធានគណៈកម្មការកិច្ចការនយោបាយ និងច្បាប់មជ្ឈិមចិន។ លោកChen កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំអន្តរជាតិលើកទី ១៣ នៃអ្នកតំណាងជាន់ខ្ពស់សម្រាប់បញ្ហាសន្តិសុខ ដែលជាវេទិការយៈពេលបីថ្ងៃដែលដំណើរការរហូតដល់ថ្ងៃទី ២៩ ខែឧសភា ដែលបានទាក់ទាញគណៈប្រតិភូមកពីជាង ១០០ ប្រទេស។
លោក Shoigu បាននិយាយថា “ប្រធានាធិបតីរុស្សីនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនវិញក្នុងខែកញ្ញា ខាងមុខ…”។

ប្រទេសចិនប្រារព្ធជាផ្លូវការនូវការបរាជ័យរបស់អធិរាជជប៉ុនជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣ ខែកញ្ញា ដែលជាការកត់សម្គាល់ការចុះចាញ់របស់ទីក្រុងតូក្យូក្នុងឆ្នាំ ១៩៤៥ និងការបញ្ចប់នៃសង្គ្រាមលោកលើកទី ២នៅអាស៊ី។
ការប្រកាសរបស់លោក Shoigu ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីក្រុងមូស្គូកាលពីដើមខែនេះ ជាកន្លែងដែលលោកបានចូលរួមជាមួយមេដឹកនាំពិភពលោកផ្សេងទៀតសម្រាប់ការប្រារព្ធទិវាជ័យជំនះថ្ងៃទី ៩ ខែឧសភា ដែលបង្ហាញពីការបរាជ័យរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។
ក្នុងជំនួបពិភាក្សាជាមួយសមភាគីចិន លោក ពូទីន បានសង្កត់ធ្ងន់ថា ទាំងរុស្ស៊ី និងចិន នៅតែប្តេជ្ញារក្សាសច្ចភាពប្រវត្តិសាស្ត្រ និងចងចាំនូវការលះបង់ក្នុងសម័យសង្រ្គាមរបស់ប្រទេសខ្លួន៕

ដោយ៖ ពេជ្រ