ប្រជាកសិករមមាញឹកប្រមូលដំណាំផ្លែប័របើទោះបីតម្លៃធ្លាក់ចុះបន្តិចក៏ដោយ

ខេត្តរតនគិរី÷ លោក សុខ ជ័យ អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ បានបញ្ជាក់ថា លោកមានផ្ទៃដីដាំដំណាំប័រចំនួនពីរកន្លែង ទីតាំងទីមួយមានផ្ទៃដីទំហំ ១៦ហិកតា ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ និងទីតាំងទីពីរមានផ្ទៃដីទំហំ ៨ហិកតា ស្ថិតក្នុងភូមិប៉ាទាត់ ឃុំសេដា ស្រុកលំផាត់(សរុបទាំង២ទីតាំងមានផ្ទៃដី ២៤ហិកតា)ក្នុងមួយហិកតាលោកបានដាំដើមប័រចំនួន១៥០ដើម។

លោក សុខ ជ័យ បានបញ្ជាក់ទៀតថា លោកដាំប័រនេះតាំងពីឆ្នាំ២០១២ ហើយមកដល់ឆ្នាំ២០១៤ ទើបលោកបានទទួលផលដំណាំផ្លែប័រនិងចាប់ផ្តើមបេះនៅដើមខែ៣ ជារៀងរាល់ឆ្នាំ។ លោកមានម៉ូយមកកម្មង់ទទួលទិញពីតាមបណ្ដាខេត្ត និងរាជធានី ២៥ខេត្ត/ក្រុងជាច្រើនម៉ូយ ដើម្បីយកទៅទទួលលក់បន្ត ខណៈម៉ូយទាំងនោះលោកបានស្គាល់ជាច្រើនឆ្នាំមកហើយ ក្នុងនោះលោកលក់ឲ្យម៉ូយក្នុង១គីឡូក្រាម(លេខ១)តម្លៃ ៨ពាន់រៀល(លេខ២)តម្លៃ ៦ពាន់រៀលនិង(លេខ៣)តម្លៃ ៥ពាន់រៀល(ក្នុងតម្លៃបោះដុំ)ហើយក្នុង១ឆ្នាំលោកបានបេះផ្លែប័រលក់នៅលើទីផ្សារពី៧០តោនទៅដល់៨០តោន។

លោកថា តម្លៃផ្លែប័របើប្រៀបធៀបទៅនិងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៥ ពោល គឺផ្លែប័រឆ្នាំ២០២៤ ក្នុង១គីឡូក្រាមតម្លៃ ១ម៉ឺនរៀល ហើយនៅឆ្នាំ២០២៥នេះ ផ្លែប័រ ក្នុង១គីឡូក្រាមតម្លៃ ៨ពាន់រៀល។

លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី បានបញ្ជាក់ប្រាប់ថា ដាំផ្លែប័រលើផ្ទៃដីសរុប ៨១ហិកតា បានប្រមូលផល ៧២ហិកតា បរិមាណផល ៧២០តោន(ទិន្នផលជាមធ្យម១០តោន/ហិកតា)៕

Written by 

Related posts

Leave a Comment