គ្រូបង្គោលភ្នំពេញក្រោន លោក Oleg Starynskyi បានថ្លែងប្រាប់ថាដល់ពេលដែលត្រូវយកជើងឯកហើយ។ លោកគូសបញ្ជាក់បែបនេះ ៖ «ក្នុងរយៈពេល៣រដូវកាលចុងក្រោយនេះ នៃពាន សម្ដេចតេជោ ភ្នំពេញក្រោនបានលេខ៤ បន្ទាប់មកលេខ៣ និងរដូវកាលមុនបានលេខ២។ ឥលូវនេះដល់ពេលវេលាត្រូវតែយកលេខ១ហើយ»។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនបន្តថា ៖«វាពិតជាដំណើរមួយស្រស់ត្រកាលក្នុងការបញ្ចប់រដូវកាលវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចនៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ ខ្ញុំចង់ឱ្យអ្នកគាំទ្រមកទស្សនាឱ្យបានច្រើន និងលើកទឹកចិត្តក្រុមដើម្បីទទួលជ័យជម្នះ»។ «ការជួបស្វាយរៀងតែងតែជាគូប្រជែងដ៏ធំបំផុត និងជាការប្រកួតគួរចាប់អារម្មណ៍សម្រាប់អ្នកទស្សនា។ ឆ្នាំមុនពួកគេជាអ្នកលើកពាន ប៉ុន្តែ ឆ្នាំនេះយើងឡើងមកដើម្បីលើកពានវិញម្ដង»។ លោកសង្កត់ធ្ងន់ដូច្នេះ។ ស្វាយរៀង និងភ្នំពេញក្រោន សុទ្ធតែក្រុមខ្លាំងបំផុតក្នុងពីររដូវកាលចុងក្រោយនេះ ហើយក៏ជាក្រុមលេងយ៉ាងល្អមើលផងដែរ។
បុរសវ័យ ៣៩ឆ្នាំបានកត់សម្គាល់ទៅកាន់លោក Pep សម្រាប់ការប្រកួងចុងក្រោយថា ៖«វគ្គផ្ដាច់ព្រ័ត្រនឹងមានលក្ខណៈកាន់តែទាក់ទាញ។ តាក់ទិកសំខាន់ណាស់ ប៉ុន្តែ ទំនុកចិត្តនៃស្មារតីក្រុមក៏សំខាន់ផងដែរ។ គ្រូបង្គោល Pep និងកីឡាករស្វាយរៀងជាគូប្រជែងល្អឥតខ្ចោះសម្រាប់ពួកយើងដែលធ្វើឱ្យយើងកាន់តែខ្លាំង និងប្រសើរឡើង»។
គួរបញ្ជាក់ថា ភ្នំពេញក្រោន នឹងត្រូវតតាំងនឹងគូប្រជែងដ៏ស្វិតស្វាញព្រះខ័នរាជស្វាយរៀងនៅថ្ងៃទី២៥ ខែឧសភា ចាប់ពីវេលាម៉ោង ៧:០០ យប់តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោនៃវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨រដូវកាលនេះ។ ក្នុងវគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន ភ្នំពេញក្រោនចាញ់ ព្រះខ័នរាជស្វាយរៀង ១-០ ដែលរកគ្រាប់បាល់ដោយ Marcus Haber។ ក្រៅពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក៏មានការប្រកួតដណ្ដើមយកលេខ៣ រវាង បឹងកេត និង វិសាខាផង ដែលចាប់ផ្ដើមនៅវេលាម៉ោង ៤:០០ រសៀលនៅពហុកីឡដ្ឋានដដែល៕
