លោកស្រី Natalia Eismont លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីបេឡារុស្ស បាននិយាយថា ប្រទេសបេឡារុស កំពុងជួយក្នុងដំណើរការដោះដូរអ្នកទោសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

លោកស្រី បានប្រាប់ឲ្យដឹងថា រាល់ការដោះដូរអ្នកទោសសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពីមុនធ្លាប់ធ្វើឡើងលើទឹកដីនៃប្រទេសបេឡារុស្ស ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ហើយយើងនឹងបន្តធ្វើវា។
រុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាក្នុងប្រទេសតួកគី កាលពីថ្ងៃទី១៦ ខែឧសភា ដោយយល់ព្រមដោះដូរអ្នកទោស ១.០០០នាក់។ នៅថ្ងៃទី ២៣ ខែឧសភា ទាហានរុស្ស៊ី ២៧០ នាក់ និងជនស៊ីវិល ១២០នាក់ ត្រូវបានចាប់ នៅក្នុងតំបន់ Kursk ហើយបញ្ជូនត្រឡប់មកវិញ។
ជាថ្នូរនឹងអ្នកទោសសង្គ្រាមអ៊ុយក្រែន ២៧០ នាក់ និងជនស៊ីវិល ១២០ នាក់ ត្រូវបានប្រគល់មកវិញដូចគ្នា។ ប្រទេសទាំង ២ ក៏គ្រោងនឹងដោះដូរបន្ថែមទៀត។
យោងតាម ក្រសួងការពារជាតិរុស្ស៊ី ទាហាន និងជនស៊ីវិលរុស្ស៊ី បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ជាកន្លែងដែលពួកគេត្រូវបានផ្តល់ការប្រឹក្សា និងជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ ៕

ដោយ៖ ពេជ្រ