អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា យ៉ាងហោចណាស់ ៩៤ ភាគរយ នៃមន្ទីរពេទ្យទាំងអស់នៅហ្គាហ្សាស្ទ្រីប រងការខូចខាត ឬបំផ្លាញ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជននៅភាគខាងជើងនៃតំបន់ប៉ាឡេស្ទីន។

របាយការណ៍ដដែល បន្ថែមថា មានតែមន្ទីរពេទ្យចំនួន ១៩ ប៉ុណ្ណោះ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ នៅហ្គាហ្សា ដែលនៅដំណើរការ រួមទាំងមណ្ឌលសុខភាព ជាមូលដ្ឋានសម្រាប់អ្នកជំងឺដែលនៅសេសសល់នៅក្នុងមន្ទីរពេទ្យ ហើយកំពុងជួបការលំបាកក្រោមការខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ កង្វះបុគ្គលិកសុខាភិបាល អសន្តិសុខជាប់លាប់ និងការកើនឡើងនៃចំនួនអ្នកស្លាប់ ។ ក្នុងចំណោម ១៩ គឺមានតែ ១២ មន្ទីរពេទ្យ ប៉ុណ្ណោះដែលអាចផ្តល់សេវាសង្គ្រោះបន្ទាន់។
របាយការណ៍ បន្តថា មកដល់ពេលនេះ ៩៤ ភាគរយនៃមន្ទីរពេទ្យទាំងអស់ នៅហ្គាហ្សា រងការខូចខាត និងបំផ្លាញ។
ចាប់តាំងពីការបន្តនៃអរិភាពក្នុងរង្វង់ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ មក អង្គការសុខភាពពិភពលោក បានកត់ត្រាការវាយប្រហារចំនួន ២៨ លើទីតាំងមន្ទីរពេទ្យ ហើយចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ យ៉ាងហោចណាស់មានការវាយប្រហារបែបនេះចំនួន ៦៩៧ ករណី៕

ដោយ៖ ពេជ្រ