ប្រទេសវៀតណាម៖ នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាដែលអញ្ជើញមកពីអន្តរក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមទាំង ៩ខេត្ត ព្រមទាំងវិស័យឯកជនផងដែរ ចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី១០ ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជា និងវៀតណាម ជាមួយភាគីវៀតណាមដែលដឹកនាំដោយ លោកស្រី ផាន ធី ធូ ហៀន (Phan Thi Thu Hien) អគ្គនាយករងនាយកដ្ឋានផ្លូវគោក នៃក្រសួងសំណង់វៀតណាម ដែលមានសមាសភាពចូលទាំងពីរភាគីប្រមាណ ១៥០នាក់ (ភាគីកម្ពុជាចំនួន ៧៨នាក់)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំទ្វេភាគីលើកទី៩ ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជា និងវៀតណាម ក៏ដូចជាតាមដានការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារការដឹកជញ្ជូនតាមផ្លូវគោក និងពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាស្វែងរកដំណោះស្រាយរួមដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានអាក់ខានរៀបចំឡើងអស់រយៈពេលប្រមាណ ៥ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយការរៀបចំកិច្ចប្រជុំនេះឡើងសារជាថ្មីបានសបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងក្នុងការដោះស្រាយបញ្ហារួមនៃប្រទេសកម្ពុជា-វៀតណាម ដែលជួបប្រទះដោយប្រតិបត្តិករដឹកជញ្ជូនផងដែរ៕





