អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់តែអ្នកកាសែតដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតប្រាកដប៉ុណ្ណោះ។ ចំណែកការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកទ្បើងថា ប្រសិនបើអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត និងអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។ លោកបញ្ជាក់ថា គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ។ដោយឡែក ការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មាននោះដែរ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មានដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់របស់កម្ពុជា។
លោករដ្ឋលេខាធិការ បានបន្ថែមផងដែរថា អ្នកកាសែត ឬអ្នកសារព័ត៌មាន ពុំមានអភ័យឯកសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែតធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែអ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺនៅពេលផ្សាយព័ត៌មានពិត និងផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន។ លោកថា នៅកម្ពុជា ច្បាប់សារព័ត៌មានមានហើយ ហើយបើអ្នកកាសែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា? ទន្ទឹមនឹងនេះ ត្រូវរួមគ្នា ការពារអ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមានរបស់កម្ពុជា៕