អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីថ្លែងថា គ្មានថ្ងៃណាមួយដែលត្រូវបានកំណត់ថាជាថ្ងៃសម្រាប់ការរៀបចំអនុស្សរណៈឬកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែននោះទេ។

លោក Dmitry Peskov បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអង្គារម្សិលមិញ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin បានពិភាក្សាតាមទូរស័ព្ទ ហើយលោក ពូ ទីន បានពណ៌នាថា មានភាពល្អប្រសើរ។
លោក Trump ធ្លាប់បានលើកទ្បើងថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកបទឈប់បាញ់មួយ ខណៈដែលលោក Putin បាននិយាយថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយទីក្រុង Kyiv លើអនុស្សរណៈស្តីពីសន្ធិសញ្ញាសន្តិភាព រួមទាំងបទឈប់បាញ់ដែលអាចកើតមានក្នុងរយៈពេលជាក់លាក់ណាមួយ។
ប៉ុន្តែលោក Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ការព្រាងអនុស្សរណៈមួយនឹងតម្រូវឱ្យមាន ទំនាក់ទំនងដ៏ស្មុគស្មាញរវាងប្រទេសទាំងពីរ និងមិនងាយស្រួលនោះទេ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា អ្នករាល់គ្នាចង់បំពេញឯកសារឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែបានលោកថា គ្មានកាលបរិច្ឆេទកំណត់ច្បាស់លាស់នោះទេ ហើយក៏ងាយស្រួលនោះដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា លោកនឹងសម្រេចចិត្តលើផែនការមួយ បន្ទាប់ពីភាគីរុស្ស៊ីបង្ហាញសំណើសម្រាប់បទឈប់បាញ់។ លោកបាននិយាយសំដៅទៅលើការទាមទាររបស់ទីក្រុងមូស្គូសម្រាប់ការគ្រប់គ្រងលើតំបន់អ៊ុយក្រែនទាំងបួន រួមទាំងតំបន់ដែលមិនទាន់បានកាន់កាប់ផងដែរ សម្រាប់អ្វីដែលនឹងមានចែងក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ខណដែលភាគីរុស្សីបានប្រកាសជាឯកតោភាគីនូវការបញ្ចូលតំបន់ទាំងនោះសម្រាប់ខ្លួនគ្រប់គ្រង។
លោក Zelenskyy បានអះអាងថា គ្មាននរណាម្នាក់នឹងដកកងទ័ពអ៊ុយក្រែនចេញពីទឹកដីអ៊ុយក្រែននោះឡើយ។ ប៉ុន្តែប្រសិនបើរុស្ស៊ីកំណត់លក្ខខណ្ឌសម្រាប់ការដកកងកម្លាំងអ៊ុយក្រែនចេញពីអ៊ុយក្រែន វាមានន័យថាប្រទេសនេះមិនស្វែងរកបទឈប់បាញ់ពិតប្រាកដនោះទេ៕

ដោយ៖ ពេជ្រ