កីឡាកររបស់ Manchester United ម្នាក់ៗនឹងទទួលបានសំបុត្រឥតគិតថ្លៃចំនួន២សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នាពេលខាងមុខទល់នឹង Tottenham Hotspur ដែលគ្រោងធ្វើនៅថ្ងៃទី ២១ ខែឧសភា នៅកីឡដ្ឋាន San Mames ។
បន្ថែមពីលើសំបុត្រឥតគិតថ្លៃ ក្រុមការងារក្លិបអាចទទួលបានរហូតដល់ដប់សំបុត្របន្ថែមទៀតសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវតែគ្រប់គ្រងការរៀបចំការធ្វើដំណើរសម្រាប់អ្នកគាំទ្ររបស់ពួកគេទៅកាន់ទីក្រុង Bilbao ។
ក្លឹបបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថាសំបុត្រផ្លូវការចំនួន ១៥,០០០ តាមដែលអាចធ្វើទៅបាន ដើម្បីបែងចែកទៅឱ្យអ្នកគាំទ្រ។ វិធីសាស្រ្តនេះមានគោលបំណងបង្កើនចំនួនអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះ។
ខុសពីការប្រកួតមុនៗ បុគ្គលិកក្លឹបនឹងមិនត្រូវបានផ្តល់សំបុត្រដោយឥតគិតថ្លៃសម្រាប់ការប្រកួតនេះទេ។ ផ្ទុយទៅវិញ ពិធីជប់លៀងទស្សនានឹងត្រូវបានរៀបចំនៅកណ្តាលទីក្រុង Manchester សម្រាប់អ្នកដែលមិនអាចចូលរួមការប្រកួតបាន។
គោលការណ៍លក់សំបុត្រថ្មីនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយនៅក្នុងក្លឹប ដែលរួមមានការកាត់ការងារ និងការដកហូតអាហារឥតគិតថ្លៃពេលថ្ងៃសម្រាប់បុគ្គលិកផងដេរ។
ប្រសិនបើក្រុមទទួលបានជ័យជម្នះ នោះគម្រោងនឹងរៀបចំសម្រាប់កន្លែងញ៉ាំសាច់អាំងអបអរនៅទីលានហ្វឹកហាត់ Carrington ខណៈTottenham មិនទាន់ប្រកាសពីការរៀបចំការប្រារព្ធពិធីរបស់ខ្លួននៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងរៀបចំក្បួនដង្ហែរក្នុងករណីឈ្នះ៕
