ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាមួយ FK Arkadag ល្ងាចនេះ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា ចំណុចល្អរបស់ FK Arkadag គឺជាក្រុមមួយដែលលេងខ្លាំង។ ពេលពួកគេការពារ ដាក់សម្ពាធ ឡើងទៅប្រយុទ្ធ គឺពួកគេលេងខ្លាំង។ នេះគឺជាចំណុចល្អរបស់ពួកគេ។ ចំណែកយើងក៏ត្រូវប្រើចំណុកល្អ ចំណុចខ្លាំងរបស់ពួកយើងដែរ ដូចជារបៀបលេងរបស់យើង របៀបប្រយុទ្ធលើគូប្រកួតរបស់យើង គឺយើងនឹងប្រើប្រាស់វា»។
លោក Pep បានបន្ថែមអំពីស្ថានភាពរបស់កីឡាករក្នុងក្រុមថា៖ «កីឡាករដែលរបួសពីមុនមក ឥឡូវនេះយើងនៅសល់របួសតែ ២ នាក់ទេ។ អ៊ីចឹងក្រៅពីហ្នឹងទៀត គឺយើងបានជាសះស្បើយហើយសម្រាប់ក្រុមទាំងមូល»។
សូមជម្រាបថាព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម FC Arkadag ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/2025 វេលាម៉ោង៧:០០ នាទីយប់ | ផ្សាយផ្ទាល់ BTV NEWS។ ដូច្នេះយើងរងចាំមើលថាតើល្ងាចនេះ ស្វាយរៀង ឬ FC Arkadag នឹងក្លាយជាម្ចាស់ជើងឯក AFC Challenge League រួមទាំងប្រាក់១លានដុល្លារ?៕
