ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាមួយព្រះខ័នរាជស្វាយរៀង លោក Ahmet Allaberdiyev គ្រូបង្វឹក FC Arkadag បានលើកឡើងថា គឺត្រូវតែឈ្នះតែម្យ៉ាងគត់ដែលនឹងផ្តល់កូនក្រុមរបស់លោកកាន់តែមានទំនុកចិត្ត និងបទពិសោធសម្រាប់អាជីពរបស់ពួកគេ។
លោកបានបន្ថែមថា«យើងនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីឈ្នះ ពីព្រោះវាជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង។ វាមិនមែនជាការងាយស្រួលទេដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ពេលយើងឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ មានន័យថា យើងកំពុងធ្វើរឿងត្រឹមត្រូវហើយ។ យើងនឹងលើកពាន»។ លោកសង្កត់ថា ការលេងនៅលើទីលានដែលមានអ្នកគាំទ្រពេញគឺរឹតតែធ្វើឲ្យពួកគាត់មានកម្លាំងចិត្ត និងអារម្មណ៍ពុះកញ្ជ្រោលដើម្បីជ័យជម្នះ»។
សូមជម្រាបថា FC Arkadag នឹងជួប ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/2025 វេលាម៉ោង៧:០០ នាទីយប់ | ផ្សាយផ្ទាល់ BTV NEWS។ ដូច្នេះយើងរងចាំមើលថាតើល្ងាចនេះ ស្វាយរៀង ឬ FC Arkadag នឹងក្លាយជាម្ចាស់ជើងឯក AFC Challenge League រួមទាំងប្រាក់១លានដុល្លារ?៕
