តំណាងអចិន្ត្រៃយ៍របស់ប៉ាគីស្ថានប្រចាំនៅអង្គការសហប្រជាជាតិ លោក Asim Iftikhar Ahmad បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ ច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់ប្រទេសឥណ្ឌាថា ខ្លួនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ២២ ខែមេសា នៅកាស្មៀរ។

លោក Iftikhar Ahmad បានលើកឡើងថា យើងច្រានចោលទាំងស្រុងនូវការប៉ុនប៉ងរបស់ឥណ្ឌា ក្នុងការចោទប្រកាន់មកលើប៉ាគីស្ថាន ចំពោះការវាយប្រហារភេរវកម្មថ្ងៃទី ២២ ខែមេសា ដែលត្រូវបានថ្កោលទោសមិនត្រឹមតែដោយប៉ាគីស្ថានប៉ុណ្ណោះទេ ថែមទាំងដោយសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខផងដែរ។
យោងតាមលោក បានបន្ថែមថា សេចក្តីថ្លែងការណ៍របស់ឥណ្ឌាគឺគ្មានអ្វីក្រៅពីការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនច្បាស់លាស់ដែលមានបំណងបម្រើផលប្រយោជន៍នយោបាយ និងគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួន។
លោក ក៏បានបន្តថា ប្រទេសនេះមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយឥណ្ឌាទេ ប៉ុន្តែក៏ត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ផងដែរ៕

ដោយ៖ ពេជ្រ